ដុតបំផ្លាញចោលកាំភ្លើងកែច្នៃចំនួនជាង100ដើម នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កាំភ្លើងកែច្នៃ ដែលកម្លាំងសមត្ថកិច្ចនគរបាលប្រមូលពីប្រជាពលរដ្ឋ និងដកហូតពីអ្នកល្មើសច្បាប់ផ្សេងៗ ចំនួន140ដើម ដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី06 ខែសីហា ឆ្នាំ2021 នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

កាំភ្លើងដែលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីដុតកម្ទេចចោលនាព្រឹកនេះ ជាប្រភេទកាំភ្លើងកែច្នៃ ដែលប្រជាពលរដ្ឋកែច្នៃ សំរាប់បាញ់សត្វកណ្តុល សត្វស្លាប និងសត្វផ្សេងៗទៀត ដែលកាំភ្លើងកែច្នៃពីឈើ មានដូចជាបាញ់គ្រាប់កិប កាំភ្លើងសប់ខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុប140 ដើម។ កាំភ្លើងទាំងនេះគឺបានប្រមូលពីប្រជាពលរដ្ឋទាំង 9 ស្រុក/ក្រុងក្នុងខេត្ត ដែលប្រព្រឹត្តបទល្មើសនិង អ្នករក្សាទុក តាំងពីឆ្នាំ2017 ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដុតកម្ទេចកាំភ្លើងកែឆ្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណាឲ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ និងអំពើល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋានជូនពលរដ្ឋ និងសង្គម។ លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា កាំភ្លើងកែច្នៃទាំងនេះក្រៅពីបាញ់សត្វព្រៃល្មើសច្បាប់ហើយ ក៏អាចយកទៅបាញ់សម្លាប់ជីវិតមនុស្សឲ្យស្លាប់បានដូចគ្នា។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការច្នៃផលិត ឬរក្សាទុកកាំភ្លើងកែច្នៃ ឬគ្រាប់យុទ្ធភ័ណ្ឌផ្សេងៗ ត្រូវសហការណ៍ និងប្រគល់ជូនសមត្ថកិច្ច ក្នុងករណីរកឃើញថាមានបទល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់៕ដោយ៖សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *