កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ អមដំណើរដោយ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរដ្ឋបាលខេត្ត ផ្តល់ជូនមន្រ្តីរាជការនៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែល កំពុង ធ្វើចត្តាឡីស័ក បន្ទាប់ ពី ពាក់ព័ន្ធ និង ករណី វិជ្ជមាន កូវីដ -១៩ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ផ្អែកទៅតាមស្ថាន នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ជាពិសេស មេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) មានការផ្ទុះខ្លាំង នៅប្រទេសជិតខាង និងបានរាលដាល ចូលមកដល់ខេត្តមួយចំនួន នៅជាប់ព្រំដែនកម្ពុជា ក្នុងនោះ ខេត្តកំពង់ចាម ក៏បានរកឃើញមេរោគបំលែងថ្មីនេះ ផងដែរ ។ ដូច្នេះ សូមឲ្យ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវ យកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ និងមន្ត្រីរួមអាជីពការងារ នៅក្នុងអង្គភាពនីមួយៗ ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់ ឲ្យ ថែទាំសុខភាព តាមរយៈ ការចូលរួមបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បី ជៀសផុតពីការឆ្លងជម្ងឺ ដ៏កាចសាហាវនេះ ទៅក្រុមគ្រួសារ ក៏ដូចជាទៅដល់សហគមន៍ ។
នាឱកាសនោះដែរ លោកស្រី សម ផល្លា ប្រធាន មន្ទីរព័ត៌មានខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់មន្រ្តីរាជការ និងបាននាំមកនូវ អង្ករ មី ទឹកបរិសុទ្ធ ម៉ាស និង ជែលលាងដៃ ផ្ដល់ជូន រួមទាំងការជួយផ្គត់ផ្គង់អាហារ ចំនួន ៣ពេល ក្នុងមួយថ្ងៃ នាអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ផងដែរ ។
គួរកត់សម្គាល់ដែរថា មកដល់ពេលនេះ មន្ត្រីរាជការនៅក្នុងមន្ទីរ អង្គភាព ចំនួន ៤ ហើយ ដែលបានប៉ះពាល់នឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ក្នុងនោះ រួមមាន ៖ មន្ទីរផែនការ មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្តកំពង់ចាម ។ ជាមួយនោះ អ្នកដែលបានឆ្លងជម្ងឺកូវីដ ១៩ ក៏ត្រូវបានអង្គភាពនីមួយៗ បញ្ជូនទៅសម្រាកព្យាបាល ជាបន្តបន្ទាប់ ។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក៏តម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមអង្គភាពសាមី ផងដែរ ៕