អភិបាលស្រុករំដួលចុះសួរសុខទុក្ខក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង កងកម្លាំងជំនួយការឃុំ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក

ខេត្តស្វាយរៀង៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី៤-៥ខែសីហាឆ្នាំ២០២១នេះលោក សុខា រ៉ាម អភិបាលស្រុករំដួលបានដឹកនាំមន្ត្រីសាលាស្រុកបានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង កងកម្លាំង ជំនួយការឃុំ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ដោយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩នៅមណ្ឌលចត្តាឡីស័កបឋមសិក្សាភូមិក្រូចព្រមទាំងចូលរួមរំលែកទុក្ខគ្រួសារប្រជាពលរដ្ឋនៅឃុំកំពង់ចក របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួលផងដែរ ។

ហើយនៅថ្ងៃទ៤ខែសីហាឆ្នាំ២០២១លោកប្រធានក្រុមប្រឹក្សាស្រុក  លោកអភិបាលស្រុកនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់កម្លាំងវិស្វកម្មដែល កំពុងសាងសង់អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករំដួល ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សុខា រ៉ាម   អភិបាលនៃគណៈអភិបាលស្រុករំដួលបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលបញ្ចប់ធ្វើចត្តាឡីស័ក ដោយសេចក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាលឯកឧត្តមអភិបាលខេត្តតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោក សុខា រ៉ាម អភិបាលស្រុករំដួលបានលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលរដ្ឋដែលមកធ្វើចត្តាឡីស័ក ឱ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគម្លាតសង្គម។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *