ខេត្តប៉ៃលិន ៖ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញពលករប្រុសស្រីជាច្រើននាក់ កំពុងឆ្លងដែនមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ ក៏មានពលករមួយចំនួនទៀត ត្រូវបានគេផ្ទេរមកពីខេត្តឧត្តរមានជ័យ ឱ្យមកស្នាក់នៅធ្វើចត្តាឡីស័កក្នុងខេត្តប៉ៃលិន រយ:ពេល១៤ថ្ងៃ រួមជាមួយនឹងអ្នកជំងឺកូវីដ ១៩ កំពុងស្នាក់នៅព្យាបាលក្នុងខេត្តប៉ៃលិនផងដែរ ។ ជាក់ស្តែង រហូតមកដល់ថ្ងៃទី៥ ខែសី ហា ឆ្នាំ២០២១នេះ ដើម្បីចូលរួមចំណែក ក្នុងការជួយសម្រាលបន្ទុកថ្នាក់ដឹកនាំខេត្ត ដែលដឹកនាំដោយលោ កជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាប្រធានគណបក្សខេត្ត ទើបប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការ បានសស្រាក់សស្រាំ ចូលរួមចំណែកឧបត្ថម្ភទាំងសម្ភារ: គ្រឿងឧបភោគ និងកម្លាំងកាយចិត្ត ក្នុងការចូលរួមធ្វើម្ហូបអាហារ ជូនដល់ពលករទាំងអស់ ពិសាក្នុង១ថ្ងៃ៣ពេល ដោយគ្មានការព្រួយបារម្ភ ចំពោះការខ្វះខាតម្ហូបអាហារនោះឡើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ កាលពីថ្មីៗ នេះ មានប្រធានក្រុមហ៊ុនកាស៊ីណូយីហោ «ញូវហ្វរធូណា» បានឧបត្ថម្ភអង្ករចំនួន១០តោន ទឹកសុទ្ធ១០០យួរ ដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមចំណែកធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ប្រភេទដែលតា (Delta) ចូលសហគមន៍ ។ ប្រភពបន្តទៀតថា រីឯកងកម្លាំងនគរបាលខេត្តប៉ៃលិនមួយចំនួន ក៏បានចូលរួមឧបត្ថម្ភ សាច់មាន់ចំនួន៤០គីឡូក្រាម បន្លែត្រសក់១០០គីឡូកាម បន្លែល្ពៅ៧០គីឡូក្រាម ជូនដល់ក្រុមការងារផ្នែកចុងភៅ ដើម្បីធ្វើម្ហូបអាហារ ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ជា គា ម្ចាស់កាស៊ីណូ នៅជាប់ព្រំដែនខេត្តប៉ៃលិន ក៏បានបន្តឧបត្ថម្ភ ជ្រូក១ក្បាល បន្ថែមទៀត ដល់ក្រុមការងារ យកធ្វើម្ហូបអាហារ ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ។ ចំណែក ម្ចាស់ធ្វើម្ហូបការឈ្មោះ ទា គឹងឡាង ក៏ចូលរួមឧបត្ថម្ភ សណ្តែកកួរ ១០០គីឡូក្រាម ខណ:មន្រ្តីរាជការមកពីតាមមន្ទីរនានា ក៏បានចូលរួមសហការគ្នា ដោយទឹកមុខញញឹម ទោះបីជាមានការហត់នឿយបន្តិចក្តី ដោយអ្នកខ្លះដាំបាយ ខ្លះចិតបន្លែ ខ្លះផ្សំគ្រឿង ក្នុងការរៀបចំធ្វើម្ហូបអាហារ ឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងជួយដោះស្រាយគ្នាក្នុងគ្រាលំបាក គឺធ្វើឱ្យយ៉ាងណា ឱ្យប្រជាពលរដ្ឋស្នាក់នៅកន្លែងចត្តាឡីស័ក និងអ្នកស្នាក់នៅព្យាបាលជំងឺកូវីដ១៩ បានទទួលទានអាហារឆ្អែតគ្រប់ៗ គ្នា ។
សូមបញ្ជាក់ផងដែរថា ៖ ប្រជាពលរដ្ឋ និងមន្រ្តីរាជការរួមគ្នាធ្វើម្ហូបអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក ចំនួន 2,352នាក់ ក្នុងខេត្តប៉ៃលិន ៕ ដោយ ៖ នីយ៉ា