កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ នេះ បានអញ្ជើញប្រគល់ផ្ទះទី៣ ដែលជាកម្មវិធីមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនគ្រួសារស្ត្រីមេម៉ាយ ក្រលំបាកម្នាក់ ឈ្មោះ ឆែ អ៊ូ អាយុ៤៥ឆ្នាំ រស់នៅ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹក ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនឲ្យបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំង អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ ត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវ វិធានការ ៣ការពារ ៣កុំ តាម សេចក្តី ណែនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក៏ដូចជា ក្រសួង សុខាភិបាល ដើម្បីជៀសផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ ក្នុងស្ថានភាព ដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ Delta កំពុងតែវាយលុកយ៉ាងខ្លាំង ដែលជាក្តីកង្វល់ដ៏ធំ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ពិសេស នៅក្នុងគ្រួសារ និងសហគមន៍ ផងដែរ ។
គួរ បញ្ជាក់ ថា ដោយមើលឃើញនូវលទ្ធភាពខ្សត់ខ្សោយ ចំពោះ គ្រួសារនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនស្រ្តីមេម៉ាយ សម្រាប់ស្នាក់នៅ ហើយ ក៏ បាន ផ្ដល់ អំណោយ ជា គ្រឿង ឧបភោគ បរិភោគ និង សម្ភារ មួយ ចំនួន ផងដែរ ៕