អាជ្ញាធរខេត្តកំពង់ធំចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ផ្សារ ដើម្បីសាងសង់ផ្លូវបេតុងថ្មីបន្ថែម នៅផ្សារសេរីស្ទោង

កំពង់ធំ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការដឹកនាំអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះរៀបចំសណ្តាប់ធ្នាប់ផ្សារ និងការត្រៀមសាងសង់ផ្លូវបេតុងថ្មីបន្ថែម ស្ថិតនៅផ្សារសេរីស្ទោងដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករក្នុងការលក់ដូរប្រកបដោយរបៀបរៀបរយ និងមានសោភ័ណភាពល្អ  ព្រមទាំងដើម្បីបង្កាទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ក្នុងសហគមន៍ ។

ឯកឧត្ដម សុក ហៃ បានលើកឡើងថា នៅផ្សារសេរីស្ទោងមានអាជីវករមួយចំនួនបានដាក់តាំងទំនិញ លើចិញ្ចើមផ្លូវ និងលក់ដូរតាមផ្លូវ ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ជាប្រចាំ និងបានបង្កការំខានដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងក៏ដូចជាអ្នកដំណើរដែលឆ្លងកាត់តំបន់នោះ។ ដោយឃើញនូវបញ្ហានេះ ឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំក្រុមការដើម្បីដោះស្រាយ ការលក់ដូរអនាធិបតេយ្យរបស់អាជីវករមួយចំនួន និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារសេរីស្ទោង ឲ្យមានរបៀបរៀបរយ និងលុបបំបាត់ការលក់ដូរគ្មានសណ្តាប់ធ្នាប់ ការរំលោភលើចំណីថ្នល់ និងផ្លូវថ្នល់សាធារណៈពីសំណាក់បងប្អូនអាជីវករមួយចំនួន៕

បន្ថែមពីនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានសណូមពរឱ្យអាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ត្រូវចុះពិនិត្យស្ថានភាពនៅតាមផ្សារនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ។ ឯកឧត្តមបន្តទៀតថា ៖ បើផ្សារនេះនៅតែគ្មានសណ្តាប់ធ្នាប់ និងគ្មានរបៀបរៀបរយល្អនោះទេ ការបើកផ្សារឡើងវិញនេះ មានគឺពិតជាមានហានិភ័យខ្ពស់ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩។ ដូច្នេះទាំងអាជ្ញារមូលដ្ឋាន ទាំងគណៈកម្មការផ្សារត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារដោយត្រូវផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។

ជាមួយគ្នានោះដែរអភិបាលរងខេត្តក៏បានជំរុញដល់គណៈកម្មការផ្សារឱ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ផ្សារឱ្យបានល្អមានអនាម័យ ជៀសវាងការលក់ដូររំលោភលើចំណីផ្លូវ ដែលបង្កឱ្យស្ទះចរាចរណ៍ និងបាត់បង់សោភ័ណ្ឌភាពផ្សារ តែមិនត្រូវយកផាស៊ីពីបងប្អូនដែលលក់ដូរបន្លែបង្កា ត្រី សាច់ តិចតួចតាមកញ្ច្រែងនោះឡើយ។

នៅក្នុងឱកាសនោះផងដែរឯកឧត្ដម សុក ហៃ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ត្រូវចូលរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *