បន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី5 នៅថ្ងៃទី03 ខែសីហា ឆ្នាំ2021នេះ បានចាប់ផ្អើមយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី02 ជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ យុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី2នេះ ប្រព្រឹត្តទៅរយៈ3ថ្ងៃ គិតចាប់ពីថ្ងៃទី03 ដល់ថ្ងៃទី05 ខែសីហា ឆ្នាំ2021 ក្រោមការដឹកនាំរបស់លោកឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ51 ។
លោកឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ51 បានឱ្យដឹងថា តាមផែនការ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សរុបចំនួន 11 809នាក់ ដោយមានការចូលរួមចាក់ដោយស្ម័គចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុក ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី2នេះ ក្នុងមួយថ្ងៃជាង 4 000នាក់។ សំរាប់ក្រុមរថយន្តចល័តយោធភូមិភាគទី5 ក៏បានដំណើរការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចល័តទៅគៀកៗផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកឧត្តសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងទាំង2ដូស រួចរាល់ហើយ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ-19 ដ៏កាចសាហាវនេះ ។
ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី2នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រតអររីករាយ និងរំភើបឥតឧបមា ដែលប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ជាពិសេសសូមគោរពអរគុណជូនចំពោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕ដោយ៖សៅ នៅ