ខេត្តពោធិ៍សាត់៖នៅវេលាម៉ោង២ និង០០នាទីរសៀល ថ្ងៃទី២សីហា២០២១ម្សិលមិញសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាវាយទៅលើឪពុកបង្កើតបណ្តាកអោយបាក់ដៃ នៅចំណុចកាទិនដែលស្ថិតនៅក្នុងភូមិរលាប សង្កាត់រលាប ក្រុងនិងខេត្តពោធិ៍សាត់ ។
អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣សីហា២០២១ថា ៖ ករណីហិង្សានេះបង្កឡេីងដោយឈ្មោះ ម៉ាន សេន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅក្នុងភូមិកេីតហេតុខាងលេី បានយកដំបងឈេី១កំណាត់ ប្រវែង ៧តឹក វាយទៅលេីឪពុកឈ្មោះ កុប ម៉ាន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិកេីតហេតុខាងលេី បណ្តាលឲ្យរងរបួសធ្ងន់បាក់ដៃឆ្វេង ។
អធិការនគបាលក្រុងពោធិសាត់បានអោយដឹងបន្តទៀតថា ករណីនេះបណ្តាលមកពីទំនាស់ពាក្យសំដីគ្នា ហើយជនសង្ស័យជាអ្នកប្រេីប្រាស់គ្រឿងញៀន ផងដែ។
សមត្ថកិច្ចនគបាលក្រុងបានអោយដឹងទៀតថាក្រោយពេលកើតហេតុជនរងគ្រោះជាឪពុកត្រូវបញ្ជួនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធីផងដែរ ៕ដោយ សុក្ខារិន