អភិបាលខេត្តកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង (Johnson & Johnson) ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទោងនិងស្រុកកំពង់ស្វាយ

កំពង់ធំ ÷ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ(Johnson & Johnson) ជាជំនួយរបស់សហរដ្ឋអាមេរិច ដែលរាជរដ្ឋាភិបាលកម្ពុជា បែងចែកជូនខេត្តកំពង់ធំសម្រាប់ចាក់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត និងមិនគិតថ្លៃ រស់នៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់  ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានពន្យល់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ19 និងវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19។ សព្វថ្ងៃនេះជំងឺកូវីដ19 កំពុងតែរីករាលដាលយ៉ាងធ្ងន់ធ្ងរទូទាំងសកលលោករួមទាំងប្រទេសកម្ពុជាយើងផងដែរ ដែលបានឆ្លងចូលក្នុងសហគមន៍ ដែលជាក្តីព្រួយបារម្ភបំផុត ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ ទៅតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន។

លើសពីនេះទៀតឯកឧត្តមអភិបាលខេត្ត បាន ក្រើនរំលឹកប្រជាពលរដ្ឋអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ។

ក្នុងនោះឯកឧត្តម  ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានរក្សាគោលជំហរសុខចិត្តទ្រាំលំបាកក្នុងការចុះចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំដល់ទីកន្លែង ដោយមិនខ្លាចនឿយហត់ ហើយពិសេស អាជ្ញាធរមូលដ្ឋានដែលបានដែលបាន យកចិត្តទុកដាក់ យ៉ាងខ្លាំង ពិសេស គឺ ការរៀបចំ សណ្តាប់ធ្នាប់ និង ជំរុញ ឱ្យ រក្សា គម្លាត សុវត្ថិភាព សង្គម កុំឱ្យ រីក រាលដាល ជំងឺ កូ វីដ -១៩ ។

សូមបញ្ជាក់ផងដែរថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 Jonhson&Jonhson នេះ មានចំនួន ២ស្រុក គឺស្រុកកំពង់ស្វាយ និងស្រុកស្ទោង ក្នុងនោះ ស្រុកកំពង់ស្វាយមានចំនួន ១៤ទីតាំង និងស្រុកស្ទោង មានចំនួន ១៤ទីតាំង ព័ត៌មានលម្អិតមាននៅក្នុង ស ជ ណ របស់រដ្ឋបាលខេត្តកំពង់ធំ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *