ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល យកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។
ឯកឧត្ដម អភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱ្យកាសឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល។
ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ជំងឺកូវីដ-១៩ ពិសេសប្រភេទDelta ថ្មី គឺជាមេរោគបំឡែងថ្មី ដែលមានការឆ្លងរហ័ស ធ្វើឱ្យយើងមានគ្រោះថ្នាក់ និងបណ្ដាលឱ្យបាត់បង់ជីវិតផងដែរ ដូច្នេះអាជ្ញាធរស្រុកមុខកំពូល ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល អោយមានប្រសិទ្ធភាពខ្ពស់ ។ ត្រូវកំណត់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចដាក់ព្យាបាលតាមផ្ទះ និងបន្តការផ្សព្វផ្សាយណែនាំដល់ ប្រជាពលរដ្ឋឱ្យបន្តចូល រួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង៣កុំ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធ និងបន្តយកចិត្តទុដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលផងដែរ។
ជាងនេះទៀត អាជ្ញាធរស្រុកមុខកំពូល ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ និង ជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ឱ្យនាំកូន ចៅ ដែលគ្រប់អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្រប់ៗគ្នា និង តាមផែនការដែលបានកំណត់ ។
បន្ថែមពីនេះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរស្រុក ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបាននូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និង បន្តយកចិត្តទុដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលក្ខណៈសម្បត្តិទាំង ៧ យ៉ាង របស់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ដោយត្រូវ ប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរព ទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។
សូមបញ្ជាក់ផងដែរថា លោក យី យ៉ន អភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម ត្រូវបានតែងតាំង ជាអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ជំនួសលោក តុង ស៊ីវមី ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងថ្មីផងដែរ៕ដោយ ភាវុន