កំពង់ធំ ៖ នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារអភិវឌ្ឍន៍ស្ទោង និងផ្សារស្ទោងហើយបន្ដចុះពិនិត្យមើលកន្លែងយកសំណាកបងប្អូននៅតំបន់ក្រហម (ភូមិស្ពានគ្រងនៃឃុំចំណាក្រោម) ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ដោយសារក្រុមការងារ និងគណៈកម្មការផ្សារ បានពិនិត្យឃើញថា នៅផ្សារអភិវឌ្ឍន៍ស្ទោងបានត្រូវរៀបចំសណ្តាប់ធ្នាប់ផ្សារជូនដល់បងប្អូនអាជីវករក្នុងការលក់ដូរ ប្រកបដោយរបៀបរៀបរយល្អ និងមានសោភ័ណភាពល្អ ។
ជាមួយនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនអាជីវករការលក់ដូរអនាធិបតេយ្យ មួយចំនួនដែលគ្មានសណ្តាប់ធ្នាប់នៅក្នុងផ្សារស្ទោង ត្រូវធ្វើការកែប្រែជាបន្ទាន់ដោយមិនត្រូវលក់ដូរលើចំណីថ្នល់ និងផ្លូវថ្នល់សាធារណៈទេក្រៅពីបញ្ហាដែលបានលើកឡើងខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរទាំងអស់ត្រូវចុះពិនិត្យស្ថានភាពនៅក្នុងផ្សារស្ទោងជាប្រចាំ ហើយត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារដោយត្រូវផ្សព្វផ្សាយនិងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋអាជីវករអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ចដើម្បីការពារកុំអោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញបន្តដំណើរចុះពិនិត្យមើលកន្លែងយកសំណាកបងប្អូននៅ“តំបន់ក្រហម”ក្នុងភូមិសាស្រ្ដ ភូមិស្ពានគ្រង នៃឃុំចំណាក្រោម ស្រុកស្ទោង កំពង់ធំ ទន្ទឹមគ្នានោះក្រុមគ្រូពេទ្យ បានបញ្ជាក់ថា បានរកឃើញអ្នកវិជ្ជមាន កូវិដ ១៩ ចំនួន១៥នាក់ ក្នុងចំណោមអ្នកមកយកសំណាក ១៣៣ នាក់ ដោយការធ្វើតេស្តរហ័ស ។
ចុងក្រោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់(តំបន់ក្រហម) ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ជាពិសេសឯកឧត្តមសូមអំពាវនាវអោយបងប្អូនដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានមកយកសំណាកទាំងអស់គ្នា ដើម្បីអាចឆាប់បិទបញ្ចប់ការឆ្លងនៅក្នុងភូមិសាស្រ្ដដែលបានបិទខ្ទប់នេះ ។