(បន្ទាយមានជ័យ)៖ ស្រមតាមសេចក្តីសម្រេចរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្តចំនួន08 ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-19 ប្រភេទដែលតា (Delta) លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី5 នាព្រឹកថ្ងៃទី31 ខែកក្កដា ឆ្នាំ2021 បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង វិធានការបិទខ្ទប់តាមបណ្ដាច្រកព្រំដែន កម្ពុជា-ថៃ ទិសទី1ខេត្តបន្ទាយមានជ័យ រួមទាំងអំពាវនាវឲ្យពលករពន្យារពេលក្នុងការវិលត្រលប់មកប្រទេសកម្ពុជាវិញ។
ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ សេង ធារិន ក្នុងន័យឲ្យពលករ និងអាជីវករនៅដែលកំពុងប្រកបមុខរបរ និងធ្វើការនៅប្រទេសថៃ សូមពន្យារពេលការធ្វើដំណើរវិលត្រលប់មកប្រទេសកម្ពុជាវិញ ក្នុងដំណាក់កាលនេះព្រោះវាអាចបង្កឱ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-19ប្រភេទ «ដែលតា» ចូលខ្លួនយើង និងក្រុមគ្រួសារយើង ហើយពេលនេះប្រទេសកម្ពុជាកំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ ក្នុងរយៈពេលខ្លីដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19ចូលកម្ពុជាយើង។
ការអំពាវបែបនេះ ក្នុងពេលដែលលោកឧត្តមសេនីយ៍ សេង ធារិន រួមជាមួយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី1 បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យពង្រឹងកងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ដើម្បីធ្វើការទប់ស្កាត់ការលួចឆ្លងដែនលួចឆ្លងដែន សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-19 ប្រភេទដែលតា ឲ្យបានម៉ឺងម៉ាត់។
ដើម្បីឆ្លើយតបឲ្យខាងតែបានតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាបន្ទាន់នៅយប់ថ្ងៃទី28ខែកក្កដា ឆ្នាំ2021 ដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ដោយបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្តចំនួន8រួមមាន៖ ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ដែលក្នុងសេចក្តីសម្រេចនេះ ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-19 បំប្លែងថ្មី Delta ដែលមានថេរវេលាចំនួន14ថ្ងៃ ដោយគិតចាប់ពីម៉ោង 23និង59នាទីថ្ងៃទី29 ខែកក្កដា ឆ្នាំ2021 រហូតដល់ថ្ងៃទី12 ខែសីហា ឆ្នាំ2021៕