ខេត្តកំពង់ឆ្នាំង:រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានសម្រេចអនុញ្ញាតបើកឲ្យដំណើរការលក់ដូរឡើងវិញនៅផ្សាលើក្រុងកំពង់ឆ្នាំង ដែលមានទីតាំងភូមិស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនិងខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានបិទអស់១រយៈដោយសារតែមានអាជីវករឆ្លងកូវីដ-19 ។នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ដែរថា៖ ផ្សាលើក្រុងកំពង់ឆ្នាំង ចាប់បើកឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះតទៅ ហើយជាមួយគ្នានេះរដ្ឋបាលខេត្តសូមឱ្យប្រជាពលរដ្ឋ ម្ចាស់តូបលក់ដូរទាំងអស់ ត្រូវបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ។ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងតាមទូរសព្ទ័ថា៖ មុនដាក់ឱ្យដំណើរការឡើងវិញ នៅក្នុងទីបរិវេណផ្សារលើក្រុងកំពង់ឆ្នាំង មន្ត្រីជំនាញរបស់មន្ទីរ សុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគ ជាមុនសិន។ហើយជាមួយគ្នានេះ ក្នុងនាមមន្ទីរសុខាភិបាលក៍សូមអំពាវនាវដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារលើ ត្រូវអនុវត្តឱ្យបាននូវវិធានការនានាសម្រាប់ការទប់ស្កាត់ការរីករាលដាលឆ្លងនូវ ជម្ងឺកូវីត-១៩ផងដែរ។គួបញ្ជាក់ផងដែរថាៈ ផ្សារលើក្រុងកំពង់ឆ្នាំងបានបិទមិនឱ្យអាជីវករចូលលក់ដូរ ចាប់ពីថ្ងៃទី ១០ ខែកក្កដាឆ្នាំ២០២១ បន្ទាប់ពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានយកសំណាក់លើកទី១ រកឃើញអាជីវករ វិជ្ជមានកូវីត-១៩ចំនួន២២នាក់(ស្រី១៧នាក់) ក្នុងចំណោម ២២៥នាក់ លើលទ្ឋផលតេសរហ័សកាលពីថ្ងៃទី០៩ ខែកក្កដា គឺមុន១ថ្ងៃនៃការបិទផ្សារលើនេះ។បន្ទាប់មកទៀត នៅថ្ងៃទី២២ ខែកក្កដា ក្រុមមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានចុះយកសំណាក លើអាជីវករ ក្នុងផ្សារលើ ជាលើកទី ២ទៀត ជាលទ្ឋផល រកឃើញចំនួន១១នាក់ លើក្រុមអាជីវករ ២៤៨នាក់។ ដោយលទ្ឋផល នៅតែបន្តរកឃើញ អ្នកវិជ្ជមានបែបនេះទើប រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបន្តបិទផ្សារលើ បន្ថែម១សប្តាហ៍បន្តទៀត ។នៅថ្ងៃទី ២៨ ខែកក្កដា មន្ត្រីជំនាញសុខាភិបាលក៍បានបន្តចុះយកសំណាកលើអាជីវករផ្សារលើ ជាលើកទី ៣បន្តទៀត ដែលជាលទ្ឋផល លើអាជីវករ ២០៩នាក់បានរកឃើញអ្នកវិជ្ជមានចំនួន ៦ នាក់បន្ថែមទៀត ។សរុបការយកសំណាកទាំង៣លើក ជាលទ្ឋផលលើតេសរហ័ស មន្ត្រីជំនាញរកឃើញ អ្នកវិជ្ជមាន ចំនួន៣៩នាក់។ តែបើទោះជាយ៉ាងនេះក្តីរដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេចបើកឲ្យដំណើរការផ្សារលើ ក្រុងកំពង់ឆ្នាំង ឡើងវិញ នៅថ្ងៃទី៣០ ខែកក្កដានេះបន្ទាប់ពីបិទរយៈពេល ២០ថ្ងៃបន្តមក ៕សុក្ខារិន