ព្រះវិហារៈ លោកយាយ ថោង ក្រឹម ដែលមានព្រះជន្ម ១០៣ឆ្នាំ រស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងលោកតា គង់ ចាន់ ព្រះជន្ម ១០០ឆ្នាំ ដែលរស់នៅភូមិតេជោបុសស្បូវ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលថវិកាក្នុងម្នាក់ៗចំនួន ៣លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រគល់ជូនផ្ទាល់ដៃដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា លោកយាយ និងលោកតា ដែលមានព្រះជន្មជាងរយព្រះវស្សាននេះ បានពឹងពាក់កូនចៅនាំទៅវាក់សាំងដោយស្ម័គ្រចិត្ដគ្មានការបង្ខិតបង្ខំពីនណាម្នាក់។ ក្នុងការប្រគល់ថវិការនិងសម្ភារៈនោះដែរ លោកជំទាវ ឱ វណ្ណឌីន បានសួរនាំទៅលោកយាយ និងលោកតា អំពីសុខភាពរបស់គាត់ក្រោយពីការចាក់វ៉ាក់សាំងរួច គាត់បានឆ្លើយថា សុខភាពរបស់គាត់ នៅល្អជាធម្មតាទេគ្មានអ្វីប្រែប្រួលនោះឡើយ៕SPS