រកឃើញបុរសម្នាក់ វិជ្ជមានជំងឺកូវីដ១៩ ពេលទៅទទួលសេវាសារណៈ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

ព្រះវិហារ៖ បុរសអ្នកបើកបររថយន្តដឹកទំនិញម្នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈរូបគាត់បានទៅរក សេវាសាធារណៈ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា បុរសតៃកុងរថយន្តដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ មានឈ្មោះ ធុង រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទទារ ឃុំចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក សំ លាងទ្រី បានឱ្យដឹងទៀតថា មុនឈានដល់ការរកឃើញជំងឺកូវីដ១៩ លើបុរសរូបនេះ គឺបុរសរូបនេះរួមនឹងគ្នាម្នាក់ទៀត បានបើករថយន្តដឹកទំនិញទៅទទួល សេវាសាធារណៈនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។ ជាគោលការណ៍ដែលលោកបានណែនាំ និងបានអនុវត្តន៍ជាប្រចាំរាល់ការចេញចូល មន្ទីរទាំងមន្ត្រី និងប្រជាពលរដ្ឋមករកសេវាសាធារណៈនានា គឺតម្រូវឱ្យអនុវត្តន៍វិធានការការពារជំងឺកូវីដ.១៩ជាមុនសិន ដូចជាវាស់កំដៅ បាញ់អាល់កុល និងតេស្តសំណាក រកជំងឺកូវីដ.១៩ មុននិងអនុញ្ញាតឱ្យចូលក្នុងបរិវេណមន្ទីរ។

ដោយឡែកចំពោះបុរសតៃកុងរថយន្ត បន្ទាប់ពីបានធ្វើតេស្តសំណាករកជំងឺកូវីដ.១៩ គឺលទ្ធផលវិជ្ជមានជំងឺកូវីដ.១៩ ភ្លាមៗនោះរូបលោក ក៏បានទំនាក់ទំនង ទៅមន្ទីរ សុខាភិបាលខេត្ត ដើម្បីទទួលបុរសវិជ្ជមានជំងឺកូវីដ.១៩រូបនេះ ទៅមណ្ឌលព្យាបាល ចំណែកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ដែលរួមដំណើរជាមួយបុរសរូបនេះ ត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌល នឹងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណមន្ទីរផងដែរ។

លោក សំ លាងទ្រី បានថ្លែងអរគុណចំពោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ ដែលបានផ្តល់ឱកាសដល់មន្ត្រី៣រូប ទៅហ្វឹកហាត់ពីវិធីយកសំណាករកមេរោគកូវីដ១៩ និងបានឧបត្ថម្ភឧបករណ៍ធ្វើតេស្តផងដែរ។ លោកថាថ្ងៃនេះបើសិនមន្ទីរ របស់លោកមិនមានមន្ត្រីជំនាញចាំធ្វើតេស្តសំណាករកមេរោគកូវីដ.១៩ លើប្រជាពលរដ្ឋដែលមកទទួលសេវានោះទេ មន្ទីរប្រឈមនឹងការបិទខ្ទប់បណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ហើយតើនឹងមានមន្ត្រីប៉ុន្មាននាក់ ឆ្លងជំងឺកូវីដ១៩នេះ។

លោក សំលាងទ្រី ក៏បានថ្លែងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ក្នុងក្របខ័ណ្ឌមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចនិងគ្រប់ពេលវេលា ការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជៀសផុតពីជំងឺកូវីដ.១៩នេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *