ឯកឧត្តម ថោង ខុន បានចាត់ឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្ត ដោះស្រាយបញ្ហាជូនពលរដ្ឋជាបន្ទាន់ ក្រោយពីសមត្ថកិច្ចចាប់ត្រាក់ទ័រ ត្រូវប្រគល់ជូនម្ចាស់វិញដោយមិនតម្រូវឱ្យបង់ផាកពិន័យទេ

(កំពង់ធំ៖ ឯកឧត្តមថោងខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានឯកភាពឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ រួមគ្នាបើកការដោះស្រាយ បញ្ហាជាទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ ដែលត្រូវកម្លាំងសមត្ថកិច្ចរឹបអូសដកហូតគ្រឿងចក្រ ពិសេសគឺនៅស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងកន្លែងដទៃទៀត ដើម្បីប្រគល់គ្រឿងចក្រជូនប្រជាពលរដ្ឋ ជាម្ចាស់វិញ ដោយមិនតម្រូវឱ្យបង់ប្រាក់ផាកពិន័យឡើយ។

ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តាមប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

ការយកចិត្តទុកដាក់របស់លោឯកឪត្តមដ្ឋមន្ត្រីខាងលើ គឺចំពេលដែលប្រជាពលរដ្ឋកំពុងមានសតិអារម្មណ៍ព្រួយបារម្ភ ភ័យខ្លាច ឈឺចាប់ខ្លោចផ្សារ ថ្នាំងថ្នាក់ ត្អូញត្អែរ ដោយសារតែត្រូវកម្លាំងសមត្ថកិច្ចជំនាញមួយចំនួន ចុះឃាត់សកម្មភាពបង្កបង្កើនផលក្នុងដីស្រែចម្ការរបស់ខ្លួន និងរឹបអូសដកហូតយកគ្រឿងចក្ររបស់ពួកគាត់ ក្នុងពេលធ្វើសកម្មភាពបង្កបង្កើនផលក្នុងស្រែចម្ការរបស់ខ្លួន ក្រោមការចោទប្រកាន់ថា ប្រជាពលរដ្ឋឈូសឆាយលើដីគម្របព្រៃឈើ ឬប៉ះដីក្នុងតំបន់អភិរក្សជាដើម។

លោកបានថ្លែងយ៉ាងដូច្នេះថា «ខណៈដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តកំពង់ធំ កំពុងជំរុញការងារបង្កបង្កើនផលកសិកម្ម និងកំពុងរៀបចំកាត់ឆ្វៀលដីធ្លីជូនប្រជាពលរដ្ឋបណ្ដើរៗហើយនោះ ហេតុអ្វីបានជាមន្ត្រីជំនាញ-សមត្ថកិច្ចយើងដាច់ចិត្តចុះបង្ក្រាបប្រជាពលរដ្ឋ ដែលប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់យ៉ាងដូច្នេះ? យើងទាំងអស់គ្នាកំពុងប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងជំងឺកូវីដ-១៩ ហើយប្រជាពលរដ្ឋក៏កំពុងខិតខំស្រោចស្រង់ជីវភាពរស់នៅ ដែលប៉ះពាលដោយសារវិបត្តិជំងឺនេះ គួរណាស់មន្ត្រីយើងគិតគូរដល់ប្រជាពលរដ្ឋ តែបែរជាទៅរឹបអូសសម្ភារៈគ្រឿងចក្ររបស់ប្រជាពលរដ្ឋដូច្នេះទៅវិញ»។

ក្រោយលើកឡើងពីបញ្ហានេះហើយ លោកប្រធាន ថោង ខុន បានចាត់ឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ រួមគ្នាបើកការដោះស្រាយបញ្ហាជាទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ ដែលត្រូវកម្លាំងសមត្ថកិច្ចរឹបអូសដកហូតគ្រឿងចក្រ ពិសេសគឺករណីនៅស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងកន្លែងដទៃទៀត ដើម្បីប្រគល់គ្រឿងចក្រជូនប្រជាពលរដ្ឋជាម្ចាស់វិញ ដោយមិនតម្រូវឱ្យបង់ប្រាក់ផាកពិន័យឡើយ។

ឯកឧត្តម ថោងខុន បានថ្លែបន្តថា «យើងទាំងអស់គ្នាជាក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយរដ្ឋបាលខេត្ត ត្រូវរកយន្តការ ឬក្រុមការងារណាមួយ ដើម្បីពិនិត្យ និងរកដំណោះស្រាយសមស្របចំពោះករណីនេះ ដោយមិនត្រូវទុកបណ្តែតបណ្តោយយូរ ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងការភ័យខ្លាចរបស់ប្រជាពលរដ្ឋឡើយ»។

ម្យ៉ាងទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក៏ខិតជិតមកដល់ (ថ្ងៃបោះឆ្នោត គឺនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២) ពោលគឺនៅសល់ពេលប្រមាណ ១០ ខែទៀតប៉ុណ្ណោះ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ខិតខំពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋមូលដ្ឋាន សំដៅបង្កើនភាពជឿជាក់ និងទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *