គ្រួសារសមាជិកអតីតយុទ្ធជនចំនួន២០គ្រួសារទទួលអំណោយពីប្រធានសមាគមន៍អតីតយុទ្ធជនខេត្តកំពត

ខេត្តកំពត ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ហុក ចន្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពត និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី នាំយកអំណោយចែកជូនបងប្អូនអតីតយុទ្ធជនចំនួន ២០គ្រួសារដែលជួបការលំបាកខ្វះខាតនិងត្រូវបានដោះស្រាយក្នុងដំណាក់កាលៗ និងការពារការឆ្លងកូវីដ១៩ ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពត។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺជាវីរបុរសរបស់កម្ពុជាយើង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្ថាបនិក នយោបាយឈ្នះឈ្នះ នាំមក នូវសន្តិភាពនិងការឯកភាពជាតិពេញលេញ ហើយបាននាំនាវាកម្ពុជាប្រែក្លាយពីប្រទេសដែលកំសត់មកជាប្រទេសដែលកំពុងអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យនិងនៅលើឆាក អន្តរជាតិដែលគេទទួលស្គាល់ថាកម្ពុជាតូចតែកម្ពុជាខ្លាំង។
ឯកឧត្តមមេបញ្ជាការ បានបន្តទៀតថា អំណោយដែលនាំយកមកចែកជូននៅពេលនេះជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក បានផ្ដល់មកតាមរយៈតំបន់ប្រតិបត្តិការសឹករងកំពតដើម្បីចែកជូនដល់គ្រួសារអតីតយុទ្ធជនដែលមាន ជីវភាពទីទ័លលំបាក ចំនួន ២០ គ្រួសារ អំណោយរួមមានក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម មី១កេស ទឹកត្រី ១យួ និងថវិកា មួយចំនួន។
ឧត្តមសេនីយ៍ត្រី ហុក ចន្តា បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ និងបានដោះស្រាយការលំបាក ដល់អតីតយុទ្ធជនក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះដែរបានរំលឹកបន្ថែម ដល់ប្រជាជនដែលបានចូលរួមទាំងអស់ត្រូវការពារ ជំងឺ កូវីដ១៩ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ជាចុងក្រោយឯកឧត្ដមមេបញ្ជាការ គោរពជូនពរដល់ក្រុមការងារ និងបងប្អូនអតីតយុទ្ធជនទាំងអស់ឲ្យជួបតែសេចក្ដីសុខ ចៀសចាកផុតពីជំងឺ កូវិដ១៩ទាំងអស់គ្នាផងដែរ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *