កំពង់ធំ: កិច្ចប្រជុំសាមញ្ញលើកទី ១៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដែលមានរបៀបវារៈចំនួន ៤ រួមមាន៖
ទី១. ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១៧ របស់ក្រុមប្រឹក្សាខេត្ត២. ពិនិត្យ និងអនុម័ត របាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ឆ្នាំ២០២០
៣- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត របៀបវារៈខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ។
ក្នុងនោះរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំគឺមានការរីកចម្រើនជាបន្តបន្ទាប់ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់សូមយកនូវសំណួរនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងវេទិកាសាធារណៈនៅតាមក្រងស្រុកកន្លងមក ធ្វើការដោះស្រាយ ជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ បន្ថែមលើសពីនេះទៀត ឯកឧត្តម សុខ លូ បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទៅនឹងការផ្ដល់នូវសេវាតម្រូវការ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត និងការងារផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូច្នេះសូមអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។