ព្រះវិហារៈ ដោយមាន ការចង្អុលបង្ហាញ់ពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលសាលាក្រុងព្រះវិហារដឹកនាំដោយលោក ប៉ុក ងួន អភិបាលក្រុង និងក្រុមការងារសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាក ស ស យ ក ក្រុង បានចុះផ្សព្វផ្សាយសេចក្ដីណែនាំវិធានការការពារការចម្លងវិរុសកូវីដ១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដែលស្ថិតនៅទីតាំងមួយចំនួននៅក្នុងក្រុងព្រះវិហារខេត្តព្រះវិហារ។
ទីតាំងដែលក្រុមការងារបានចុះធ្វើការផ្សព្វផ្សាយក្នុងពេលនោះរួមមាន ទីតាំងចំណតរថយន្តក្រុង បេនឡាន ផ្សារកំពង់ប្រណាក និងអាគារសង្កាត់កំពង់ប្រណាកផងដែរ។ មានប្រសាសន៍ក្នុងឱកាសចុះផ្សព្វផ្សាយនាពេលនោះលោក ប៉ុក ងួន អភិបាលក្រុង បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់រថយន្តធ្វើអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ដែលត្រូវធ្វើដំណើរពីគ្រប់ភូមិសាស្រ្ត ក្នុងខេត្តព្រះវិហារឆ្ពោះទៅកាន់ និងត្រឡប់មកពីរាជធានីភ្នំពេញ ក៏ដូចជាទៅមកខេត្តផ្សេងៗទៀតត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ណែនាំនិងវិធានការការពារការរាត្បាតជំងឺកូវីដ១៩ ជាពិសេសការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ចំពោះវិធានការដែលបានចុះផ្សព្វផ្សាយនាពេលនោះមានដូចជាត្រូវបើកបង្អួចរថយន្តឲ្យខ្យល់ចេញចូល(ដោយមិនប្រើម៉ាស៊ីនត្រជាក់)។ អ្នកដំណើរនិងអ្នកបើកបរទាំងអស់ត្រូវពាក់ម៉ាស់ដើម្បីជៀសចាងការចម្លងជាយថាហេតុនៃជំងឺផ្សេងៗរូមទាំងជំងឺកូវីដ១៩។ ត្រូវសម្អាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូ និងជូតអាកុលតាមធ្នាក់កៅអី។ ម្ចាស់រថយន្តត្រូវវាស់កម្ដៅ ត្រូវមានទឹកអាកុលឬជែលអាកុល ឲ្យអ្នកដំណើរលាងដៃពេលឡើងលើរថយន្ត។ ចំពោះអ្នកបើកបររថយន្តទាំងអស់បើមានរោគសញ្ញាផ្ដាសាយដូចជាក្ដៅខ្លួន ឈឺបំពង់ករ ហៀសំបោរ ឬពិបាកដកដង្ហើមត្រូវផ្អាកការបើកបរ ជាបណ្ដោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈដើម្បីត្រួតពិនិត្យសុខភាព៕