ប៉ៃលិន ៖ កាលពីរសៀលថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានឣញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកម្ហូបអាហារ ដូចជាសាច់ជ្រូក សាច់មាន់ ចង្ក្រានហ្គាស ម៉ាស់ និងអង្រឹងមុង ជូនដល់កងកម្លាំងការពារព្រំដែននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីលើកទឹកចិត្ត និងផ្តល់ថាមពល ដល់កម្លាំងកាយ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បទល្មើសជួញដូរផ្សេងៗ ជាពិសេស គឺត្រៀមទទួលពលករដែលចំណាកស្រុកចូលមកពីប្រទេសថៃតាមច្រករបៀងនានា ដើម្បីបញ្ជូនធ្វើចត្តាឡីស័ក ។ ក្រោមការពិនិត្យ និងតាមដានសុខភាពដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ក្រោយមកលោកជំទាវ ក៏បានបន្តដំណើរទៅសំណេះសំណាល និងពិនិត្យការយាមកាមរបស់កងកម្លាំង និងការបំពេញការងាររបស់ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលចត្តាឡីស័កផងដែរ ។
នៅក្នុងឱកាសជួបសំណេះ សំណាល លោកជំទាវអភិបាលខេត្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនកងកម្លាំងទាំងអស់ និងរួមគ្នាបំពេញតួនាទី ភារកិច្ចអោយបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំអោយវីរុសកូវីដ១៩ឆ្លងចូលសហគមន៍បានឡើយ ។ ហើយក្នុងពេលបំពេញភារកិច្ចនេះ ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែលជាប្រចាំ មិនត្រូវប៉ះពាល់ ឬប្រាស្រ័យទាក់ទងពលករ ដែលស្ថិតក្នុងការសង្ស័យថា មានផ្ទុកវីរុសកូវីដ១៩នោះឡើយ ។ ត្រូវរាយការណ៍ជាបន្ទាន់មក្រុមការងារ និងគ្រូពេទ្យជំនាញ ។
ប្រភពព័ត៌មានពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងកាលពីព្រឹកថ្ងៃទីពីរ០៥ ខែមករា ឆ្នាំ២០២១ នេះថា ៖ គិតមកដល់់ពេលនេះ អ្នកឆ្លងដែនមកពីប្រទេសថៃចូលក្នុងទឹកដីខ្មែរ ត្រូវបានអាជ្ញាធរខេត្ត ធ្វើចត្តាឡីស័កចំនួន២១៦នាក់ កំពុងរក្សាដាច់ដោយឡែកនៅ៣កន្លែង គឺនៅក្បែរច្រកទ្វារអន្តរជាតិ២កន្លែង និងនៅក្រុងប៉ៃលិន១កន្លែង ហើយអ្នកដែលឆ្លងជម្ងឺកូវីដ១៩ មានចំនួន១១នាក់ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងផ្ទះសំណាក់គ្រូបង្រៀន អតីតមន្ទីរអប់រំចាស់ ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕ ដោយ ៖ នីយ៉ា