ព្រះវិហារៈ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារតំបន់សឹក , ក្រុមការងារខេត្ត ស្រុក រួមជាមួយ និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈចំនួន ៤,០០០,០០០៛ ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលមានឈ្មោះ គី កាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនពិការ និងជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាព នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយរោគាពាធ។
នៅក្នុងការចុះប្រគល់ប្រាក់បេឡាមរណៈសង្រ្គោះរបស់សមាគមន៍នោះផងដែរ ឧត្ដមសេនីយ៍ទោ ប្រធានសមាគមន៍ខេត្តបានពាំនាំប្រសាសនសួសុខទុក្ខនិងការជួយរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគមន៍អតីតយុទ្ធជន ជាពិសេស សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ជូនចំពោះគ្រួសារនៃសពអតីតយុទ្ធជន ដែលបានទទួលមរណៈភាព ដោយរោគាពាធ ដែលគាត់ក៏បានចូលរួមចំណែកការពារជាតិមាតុភូមិ រហូតដល់ធ្លាក់ខ្លួនពិការដើម្បីជាតិរបស់យើងទាំងអស់គ្នាផងដែរ៕