ខេត្តស្វាយរៀង ៖ នាថ្ងៃច័ន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែក អំណោយ មនុស្សធម៌ដល់ អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី ៧ ឃុំ ក្នុងស្រុកស្វាយទាប ចំនួន ២២ គ្រួសារ និង ៦ សង្កាត់ ក្នុង ក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួន ២០ គ្រួសារ សរុបចំនួន ៤២ គ្រួសារ ។ ក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប មេរោគ អេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍ នៅកម្ពុជា ។
ដែលពិធីនេះប្រារព្វធ្វើនៅ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប និងនៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងនាមគណៈកម្មាធិការសាខា និអនុសាខា។
មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវ ប្រសាសន៍របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និង មនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្ត ឲ្យបាន រឹងមាំ លេបថ្នាំតាមវេជ្ជបញ្ជារ ហើយទម្លាប់រស់នៅធម្មតា តាមបែប គន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុង ទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការគម្រាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ ២០២៥ ។
ឯកឧត្តមក៏បានថ្លែងំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្តដែលជានិច្ចជាកាលតែងតែបានឧបត្ថម្ភជា សម្ភារៈថវិកា ដល់សាខា ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗបាន ទាន់ពេលវេលា ។ ហើយសម្ភារៈដែលបានចែកជូននាពេលនេះមានចំនួនតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូននោះទេ ប្រការសំខាន់គឺត្រូវខិតខំប្រកបរបរបន្ថែមតាមជំនាញរៀងខ្លួន តាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត ។ ហើយត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀស ឲ្យឆ្ងាយពីគ្រឿងញៀន ។ ជាមួយគ្នានោះ ឯកឧត្តម បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ ឲ្យបានទូលំទូលាយ ។
អំណោយ និងសម្ភារដែលសាខាបានផ្តល់ជូនទាំង ៤២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១ អាវយឺត ២ ថវិកាធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥០,០០០ រៀល ។ដោយមានការ អាណិតស្រលាញ់ បងប្អូនរងគ្រោះឯកឧត្តមបានឧបត្ថម្ភបន្ថែម ទាំង ៤២ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ៣០,០០០ រៀល ៕