ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ ១ខ្នង ស្ថិតនៅសាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម

កំពង់ចាមៈ នាព្រឹកថ្ងៃទី០៤ ខែធ្នូ  ឆ្នាំ២០២០នេះ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ ១ខ្នង មានទំហំបណ្ដោយ ១១ម៉ែត្រ គុណនឹងទទឹង ៧,៧ម៉ែត្រ និងកម្ពស់ ៥ម៉ែត្រសង់អំពីថ្ម ប្រក់ក្បឿង ស្ថិតនៅសាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូជាច្រើននាក់ផងដែរ។

ដើម្បីឆ្លើយតបតាមសំណូមពរ របស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ជាពិសេស ផ្អែកតាមស្ថានភាពជាក់ស្ដែង ដែលអគារទីចាត់ការចាស់ មានសភាពទ្រុឌទ្រោម បានកសាងឡើងតាំងពីឆ្នាំ១៩៣៦ មកនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយទីចាត់ការថ្មី ១ខ្នង នេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់សាលាផងដែរ ។ នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជម្រុញទៅដល់ក្រុមជាង ឲ្យយកចិត្តទុកដាក់ លើការងាររបស់ខ្លួន ឲ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទីចាត់ការរឹងមាំ សម្រាប់បំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ។ គួរកត់សម្គាល់ថា នាបច្ចុប្បន្ននេះ សាលាបឋមសិក្សាទក្សិណ ស្ថិតនៅភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានអគារសិក្សា ៣ខ្នង ស្មើនឹង ១៥បន្ទប់ ក្នុងនោះ ២អគារ កសាងឡើងនៅក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩៣៦ និង ១អគារ ទៀត ជាអគារថ្មីកម្ពស់ ២ជាន់ កសាងនៅឆ្នាំ២០០១ ជាជំនួយនៃគម្រោងក្រែប ( CREP) របស់សហគមន៍អឺរ៉ុប  ក្រៅពីនោះ ក៏មានអគារទីចាត់ការ ១កន្លែង កសាងឡើងតាំងពីឆ្នាំ១៩៣៦ និងបណ្ណាល័យ ១កន្លែង ជាជំនួយរបស់អង្គការជប៉ុន កសាងនៅឆ្នាំ២០១៤ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *