អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ចុះសំណេះ សំណាល លើកទឹកចិត្តក្រុមគ្រូពេទ្យប្រឆាំងជម្ងឺកូវីដ-១៩ ដែលកំពុងបំពេញបេសកកម្មនៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានចុះសំណេះ សំណាល និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលកំពុងបំពេញបេសកកម្មនៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជូនដល់បងប្អូនពលករ ដែលទើបនឹងឆ្លងដែនមកពីប្រទេសថៃ ដោយធ្វើយ៉ាងណាឲ្យគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ឱ្យបានជាប់លាប់ គឺអ្នកដែលទើបនឹងមកពីក្រៅប្រទេសត្រូវតែនៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ចាំបន្តទៅជួបក្រុមគ្រួសារ ។ ចំពោះអ្នកដែលឆ្លងជំងឺនេះ គឺត្រូវនៅបន្តព្យាបាលរហូតដល់ជាសះស្បើយ ទើបអាចចេញពីមណ្ឌលចត្តាឡីស័កបាន ពីព្រោះកាលណាបើយើងធ្វេសប្រហែសនោះ គឺវាអាចនឹងមានការឆ្លងចូលដល់សហគមន៍នឹងមានហានិភ័យខ្លាំងបំផុត ។

លោកជំទាវ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលមានការលះបង់ដ៏ធំធេងសម្រាប់ការចូលរួមប្រឆាំងនឹងជំងឺកូវីដ-១៩ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ឲ្យថែរក្សាការពារសុខភាព និងសុវត្ថិភាពខ្លួនឯងសិន មុននឹងចូលព្យាបាលជូនអ្នកជំងឺ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *