អភិបាលរងខេត្តព្រះវិហារដឹកនាំក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ចំនួន៥ស្រុក

ព្រះវិហារៈ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នេះឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ  បានដឹកនាំក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ចំនួន៥ស្រុក រួមមាន ស្រុកឆែប ស្រុកជ័យសែន ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកគូលែន។

ក្នងឱកាសនោះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលលះបង់កម្លាំងកាយចិត្តបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ យ៉ាងជោគជ័យ នាពេលកន្លងមក និងបានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច និងអាជ្ញាធរក្រុង-ស្រុកត្រូវខិតខំប្រមូលព័ត៌មានពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ធ្វើយ៉ាងណាណែនាំផ្សព្វផ្សាយនិងតម្រូវឱ្យពួកគាត់មកសម្រាកធ្វើចត្តាឡីស័កនៅមណ្ឌលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។

ក្នុងនោះដែរឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេសត្រូវចូលរួមអនុវត្តដោយធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ តាមវិធាន ការការពាររបស់ក្រសួងសុខាភិបាល  ក្នុងការចូលរួមទប់ស្កាត់ការរីករាលកូវីដ-១៩ ហើយត្រូវមានការជឿជាក់លើក្រុមគ្រូពេទ្យ និងអាជ្ញាធរក្រុង ស្រុក និងខេត្ត ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់បងប្អូន។

ថវិកាផ្តល់ជូនរួមមាន៖ សម្រាប់បងប្អូនដែលសម្រាកនៅមណ្ឌលចត្តាឡីស័កទាំង ៥មណ្ឌល ចំនួន ៤ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៣ ម៉ឺនរៀល។សម្រាប់មន្រ្តីប្រចាំការនៅមណ្ឌលចត្តាឡីស័ក ៥៧នាក់ ក្នុងម្នាក់ៗថវិកា ៣ ម៉ឺនរៀល។សម្រាប់នាយកសាលា មន្ត្រីនគរបាលការពារ និងសម្រួលចរាចរណ៍ទាំង ៥ទីតាំងចំនួន ៣០ នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២ ម៉ឺនរៀលផងដែរ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *