ប៉ៃលិន ៖ ដើម្បីពង្រឹកកាងារនិងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទើប កាលពីរសៀលថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានឣញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ ដោយបាននាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងការពារព្រំដែននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បទល្មើសជួញដូរផ្សេងៗ ជាពិសេស ក្នុងការត្រៀមទទួលពលករ ដែលចូលមកពីប្រទេសថៃតាមច្រករបៀងនានា ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យនិងតាមដានសុខភាពដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ចូលក្នុងសហគមន៌។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោកជំទាវអភិបាលខេត្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនកងកម្លាំងទាំងអស់ និងរួមគ្នាបំពេញតួនាទី ភារកិច្ចអោយបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំអោយវីរុសកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍បាន។ ហើយក្នុងពេលបំពេញភារកិច្ចនេះ ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុលជែល ជាប្រចាំ ។ មិនត្រូវទៅប៉ះពាល់ដោយផ្ទាល់ត្រូវរក្សាគំលាតសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅកុំទៅប៉ះពាល់ដោយផ្ទាល់ជាមួយពលករ ដែលស្ថិតក្នុងការសង្ស័យមានផ្ទុកវីរុសកូវីដ១៩ នោះឡើយ ។ លើសពីនេះ ត្រូវរាយការណ៍ជាបន្ទាន់ជូនដល់ក្រុមការងារ និងគ្រូពេទ្យជំនាញបើមានការសង្ស័យថាសុខភាពខ្លួនមិនប្រក្រតី ៕ ដោយ ៖ នីយ៉ា