ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ធម្មជាតិអូរតាវ៉ៅ

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញថា អាជ្ញាធរខេត្តប៉ៃលិន បានបង្ហាញនូវភាពទិដ្ឋិនិយមក្នុងការអភិវឌ្ឍ ដោយបន្តកែលម្អរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅហៅភ្នំខៀវ ឱ្យក្លាយទៅជាមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយប្រចាំនៅខេត្តប៉ៃលិន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកាន់តែច្រើនកុះករ គឺសំដៅលើកកម្ពស់វិស័យទេសចរណ៍ជាតិ និងជួយកែប្រែជីវភាពប្រជាពលរដ្ឋនៅតំបន់ជុំវិញ ឱ្យកាន់តែប្រសើរឡើងផងដែរ ។

ហើយការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះពិនិត្យនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ឯកឧត្តម អ៊ី ឈាន បានដឹកនាំ អាជ្ញាធរខេត្តប៉ៃលិនកំពុងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងសួនច្បារសាធារណៈឱ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខមាលភាពសាធារណៈ ជាពិសេសការកែលម្អ និងអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តមួយនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើន ដែលជាកត្តាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត ។

ឯកឧត្តម អ៊ី ឈាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួនឲ្យបានជាប្រចាំ ជាពិសេសអាជីករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ កត្តានេះហើយ ទើបអាចសម្អាតអនាម័យបរិស្ថាន និងមានសោភ័ណភាពបានល្អ ពោលគឺត្រូវរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីសុខភាពខ្លួនឯង ក៍ដូចជារៀបចំឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើងៗ ។

សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេនៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៧ជាន់ ហើយមានចម្ងាយចេញពីផ្លូវជាតិលេខ ៥៧ តែជាង ៧គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតនៅភាគខាងត្បូង ក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *