ស្ទឹងត្រែងៈ ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំ ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ដើម្បីតាមដាននិងគ្រប់គ្រងករណីជំងឺគ្រុនចាញ់ ឈានឆ្ពោះទៅរកការលុបបំបាត់ករណីជំងឺគ្រុនចាញ់ ស្របតាមទឹសដៅលុបបំបាត់ជំងឺក្នុងឆ្នាំ២០២៥របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំបានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងក្រោមវត្តមានលោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ និងមានការចូលពី លោក លោកស្រីអភិបាលរងក្រុងស្រុក អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើននាក់។ លោកវេជ្ជ.រិន រ៉ាវុឌ្ឍន៍ ប្រធានការិយាល័យបង្កានិងគ្របគ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្តស្ទឹងត្រែងរយៈ៣ខែចុងឆ្នាំ២០២០នេះមានការថយចុះជាខ្លាំងបើប្រៀបធៀបរយៈពេលដូចគ្នានៅចុងឆ្នាំ២០១៩។ ហើយនេះបង្ហាញពីជោគជ័យមួយកម្រិតទៀតក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមទឹសដៅដែលបានកំណត់។
លោកវេជ្ជ.បានរំលឹកថា នៅក្នងអំឡុងរយៈពេល៣ខែចុង២០១៩ កន្លងមកឃើញថាមានអត្រាអ្នកកើតជំងឺគ្រុនចាញ់មានរហូតដល់៦៩៣ករណី ក្នុងនោះករណីឆ្លងគ្រុនចាញ់កាចសាហាវមាន១៧៨ករណី ដោយឡែកក្នុងរយៈ៣ខែចុងឆ្នាំ២០២០ ចាប់ពីខែតុលា ដល់ខែធ្នូ មានករណីកើតជំងឺគ្រុនចាញ់ធ្លាក់មកនៅត្រឹមតែ១៦៦ករណី និងករណីអ្នកកើតគ្រុនចាញ់កាចសាហាវមានត្រឹមតែ១៥ករណីប៉ុណ្ណោះ។
ឯកឧត្តម ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ បានមានប្រសាសន៍ថា ច្រើនឆ្នាំមកនេះការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជាទទួលបានជោគជ័យគួរឲ្យគត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ។ លោកថាតាមរយៈលទ្ធផលដែលបានបង្ហាញដោយមន្ត្រីជំនាញពីបញ្ហាគ្រុនចាញ់នេះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យទទួលបានជោគជ័យទៅតាមផែនការដែលបានដាក់ចេញ។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥៕ឡុង កាន់សំនៀង