ខេត្តប៉ៃលិន ៖ បេសកកម្មថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលលោកជំទាវអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យព្រំដែន ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈច្រកទ្វារព្រំដែនកម្ពុជាថៃ ពេលដែលពលករឆ្លងដែនចូលមកខ្មែរវិញពិនិត្យឃើញមានករណីជំងឺកូវីដ១៩ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដោយសង្កេតឃើញពលករឆ្លងដែនច្រករបៀងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងលើកឡើងថា “យើងទាំងអស់គ្នាសង្ឃឹមថា នឹងឆ្លងផុតគ្រោះភិត គ្រោះភ័យ យើងរួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកមួយនេះ ។ លោកជំទាវក៍សូមជូនពរដល់ពុកម៉ែបងប្អូនជាទីគោរពស្រលាញ់ទាំងអស់ ទទួលបានសុខភាពល្អ ឈ្នះអស់ខ្មាំងសត្រូវ ឆ្នាំថ្មីនាំមក លាភជ័យ ភាពជោគជ័យគ្រប់ភារកិច្ច ។លោកជំទាវបន្តថា សូមពុកម៉ែបងប្អូន កុំភ្លេចខ្លួនត្រូវរក្សាអនាម័យ លាងដៃ អោយបានញឹកញាប់ ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ រក្សាគម្លាតពីគ្នា អោយបាន២ម៉ែត្រយ៉ាងតិច ។ រឿងសំខាន់មួយទៀត នាងខ្ញុំសូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់អោយបានជ្រាប និងយល់ថា បើសិនមានបងប្អូនកូនចៅធ្វើការនៅប្រទេសថៃមានបំណងវិលត្រឡប់មកវិញ សូមកុំប្រថុយជីវិត ឆ្លងកាត់ច្រករបៀងខុសច្បាប់ ។ ត្រូវបង្ហាញខ្លួន អោយមន្រ្តីសុខាភិបាល និងក្រុមសមត្ថកិច្ច តាមច្រកទ្វារ ដើម្បីជួយពិនិត្យសុខភាពអោយបានច្បាស់លាស់ មុនពេលចូលទៅជិតជាមួយក្រុមគ្រួសារ ។ យើងត្រូវការពារសុខភាពក្រុមគ្រួសារជាទីស្រលាញ់របស់យើង ហើយការអោយនៅដាច់ដោយឡែក គឺមានការមើលថែ ម្ហូបអាហារ ស្នាក់នៅដោយយកចិត្តទុកដាក់បំផុតពីក្រុមការងារដោយមានការឧបត្ថម ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃយើង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ។ សូមពុកម៉ែបងប្អូនកុំភ័យកុំព្រួយ កុំចាញ់បោកមេខ្យល់ បោកប្រាស់អោយសោះ ។ តែវិធីដ៍ល្អបំផុត សូមពុកម៉ែបងប្អូនដែលកំពុងរស់នៅធ្វើការនៅប្រទេសថៃ សូមសំងំរក្សារស់នៅមួយកន្លែង ជៀសវាងការឆ្លងនូវមេរោគ កូវីដ-19 ព្រោះកំពុងឆ្លងជាកំហុកនៅក្នុងសហគមន៍នៃប្រទេសថៃ ។ ម្យ៉ាងទៀត បើក្នុងករណីបងប្អូនលួចឆ្លងដែនមកដល់ផ្ទះហើយ សូមរស់នៅដាច់ដោយឡែក សំងំនៅផ្ទះអោយបាន១៤ថ្ងៃសិន ទើបចេញក្រៅ ក្នុង ករណីបងប្អូនមានអាការៈប្លែកមិនស្រួល សូមប្រញាប់ទាក់ទង ក្រុមការងារនៅមូលដ្ឋាន ឬ មន្រ្តីសុខាភិបាលដើម្បីពិនិត្យសុខភាពជាបន្ទាន់ ។ សូមបងប្អូនទាំងអស់រួមគ្នា ដើម្បីសហគមន៍យើង និង ប្រទេសកម្ពុជាយើងអោយជៀសផុត ពីមេរោគដ៍កាចសាហាវមួយនេះ ។លើសពីនេះ យើងរួមដៃគ្នា អត់ធ្មត់បន្តិចស៊ូទ្រាំបន្តិច យើងនឹងទទួលបានជោគជ័យ ។
បើតាមឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃទី 1 ខែមករាឆ្នាំ 2021 នេះថា ៖ មានពលករ២នាក់ឆ្លងជំងឺកូវីដ19 មកពីប្រទេសថៃ ថ្នាក់ពួកគេឆ្លងដែនតាមច្រកទ្វារអន្តរជាតិបានឡែម ស្រុកកំរៀងខេត្តបាត់ដំបង ។ ឯកឧត្តមបានបន្តទៀតថាពលករដែលកើតជំងឺកូវីដ19 នោះគឺម្នាក់រស់នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនហើយម្នាក់ទៀតជាអ្នករស់នៅខេត្តបាត់ដំបង រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបានបញ្ជូនទៅខេត្តបាត់ដំបងហើយ ។ ឧត្តមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី 1 ខែមករាឆ្នាំ 2021 នេះប្រជាពលករដែលបានធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារច្រកទ្វារអន្តរជាតិព្រំមានចំនួន 77នាក់ដោយឡែកអ្នកដែលឆ្លងដែនមកថ្មីៗ ទៀតគឺមិនទាន់រាប់បញ្ចូលនៅឡើយទេ ។ ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា នៅក្នុងការធ្វើចត្តាឡីស័កនេះ ប្រជាពលករដែលស្នាក់នៅក្នុងបន្ទប់ គឺទទួលបានការឧបត្ថម្ភពីអាជ្ញាធរខេត្ត ម្នាក់ 2ម៉ឺនរៀលក្នុង១ថ្ងៃ ព្រមផ្តល់អាហារដល់កូនៗក្នុងបន្ទុកផងដែរ ៕ ដោយ ៖ នីយ៉ា