ខេត្តប៉ៃលិន ៖ ដើម្បីបង្កនូវភាពទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនឹងកំពុងធ្វើដំណើរមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន និងរក្សាសោភ័ណភាព នាឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២០-២០២១ ទើបរហូតមកដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២០នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្ត្រីក្រោមឱវាទនៅមន្ទីរជុំវិញខេត្តជាពិសេស គឺកងកម្លាំងសមត្ថកិច្ច នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងមន្រ្តីរាជ ការជាច្រើន ឱ្យចុះលាបថ្នាំតាមរបាំងពុះចែកទ្រូងផ្លូវ កាត់ស្មៅថែសួនផ្កា និងលាងសំអាតតាមផ្លូវសាធារណៈជាដើម ជាពិសេសគឺនៅចំណុចផ្លូវភ្លោះ លើដងផ្លូវជាតិលេខ៥៧ ចាប់ពីពីចំណុចភ្នំយ៉ាត រហូតទៅដល់ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ ឆើត ស្នងការរងប្រចាំបញ្ជា ដែលបានដឹកនាំកម្លាំងចុះបាញ់ទឹកលាងសំអាតនៅតាមដងផ្លូវខាងលើនេះ បានរៀបរាប់ឲ្យដឹងថា ៖ ក្រោយពីមានបញ្ជាពីលោកស្នងការនគរបាលខេត្ត ខាងលោកក៏បាននាំកម្លាំងដែលប្រចាំបញ្ជានៅស្នងការទាំងអស់ ចេញទៅសម្អាតនៅតាមដងផ្លូវសាធារណៈដើម្បីចូលរួមអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដូចជាប្រើឡានទឹកចំនួន ២គ្រឿង ដើម្បីបាញ់លាងសំអាតផ្លូវកុំឲ្យមានភាពកខ្វក់ ក្នុងការចូលរួមអនាម័យ បង្កើតភាពទាក់ទាញដល់ភ្ញៀវទាសចរណ៍ចូលមកកម្សាន្តលេងក្នុងខេត្តប៉ៃលិន ។
លោកបន្តទៀតថា នៅក្នុងខេត្តប៉ៃលិន បើឃើញផ្លូវថ្នល់មានភាពកខ្វក់ មានភក់ជ្រាំខាងរដ្ឋបាលខេត្តប៉ៃលិន តែងតែបញ្ជាដល់កងកម្លាំងនគរបាល ឱ្យចេញរថយន្តពន្លត់អគ្គីភ័យដឹកទឹក ដើម្បីបាញ់លាងសម្អាតផ្លូវខាងលើ ជាពិសេសគឺនៅមុនពេលបុណ្យចូលឆ្នាំសកល មុនបុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌជាដើម ដោយរដ្ឋបាលខេត្តប៉ៃលិន តែងតែធ្វើការលាងសំអាតអនាម័យ ជាប្រចាំដើម្បីរក្សាអនាម័យល្អ ធ្វើឱ្យទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តប៉ៃលិន ឱ្យមានភាពទាក់ទាញ គឺចង់ឱ្យមកលេងម្ដងហើយម្ដងទៀត ។
ចំណែកមន្រ្តីរាជការ គឺមានការសស្រាក់សស្រាំ អ្នកខ្លះមាន អំបោស ចបជីក បង្គី កាំបិត និងសម្ភារ: ផ្សេងៗ ដើម្បីសម្អាតសួនកុមារ និងផ្លូវសាធារណ: សម្រាប់ជាគំរូ ដល់ប្រជាពល រដ្ឋ ដែលរស់នៅក្បែរឱ្យយកចិត្តទុកដាក់ អនាម័យផ្ទះសម្បែងរបស់ខ្លួនផងដែរ ។ លើសពីនេះ ក៏មានតុបតែងជាភ្លើងចម្រុះពណ៌នៅមុខសាលាខេត្ត ក្បែរវិមានឯករាជ្យ ដើម្បីឱ្យប្រជា ពលរដ្ឋដើរលេងកម្សាន្ត មានភាពទាក់ទាញផងដែរ ៕
ដោយ ៖ នីយ៉ា