ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ អភិបាលខេត្តព្រះវិហារ

ព្រះវិហារៈ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងពិធីចែកអំណោយនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរនូវសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៍បានជម្រុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសធនធានធម្មជាតិមាន៖ ការរុករករ៉ែដោយខុសច្បាប់, ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិ និងការកាប់រានទន្រ្ទានដីព្រៃដោយខុសច្បាប់ត្រូវតែមានវិធានការ។ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរភូមិ ឃុំ កុំឲ្យធ្វេសប្រហែសក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ-១៩ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយជាច្រើន ហើយនៅក្នុងភូមិ ឃុំ ស្រុកយើងមិនមានអ្នកកើតជម្ងឺនេះក៏ដោយ ក៏យើងមិនត្រូវមើលស្រាលចំពោះជម្ងឺនេះដែរ ហើយឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារខ្លួនពីជម្ងឺនេះ និងប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ សូមឲ្យពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន៖ គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួនផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *