មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ

ព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារប្រមាណ១០គ្រួសារ បាន​លើក​ឡើងថា មាន​បុគ្គលម្នាក់ឈ្មោះ ក្រូច ប៊ុនគីម ជាមន្ត្រីយោធាពាក់សក្តិ៣ មានតួរនាទីជាដឺបេ បម្រើការក្នុងអង្គភាពយោធភូមិភាគទី៤ ​បានប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ និងរំលោភយកដីរបស់ពួកគាត់ទាំង ដែលដី​របស់ពួកគាត់មានសលាកបត្រទៀតផង។

តំណាងប្រជាពលរដ្ឋរងគ្រោះទាំង១០គ្រួសារ លោក ហេង សុឃី បានលលើកឡើងថា ដីរបស់​គាត់​មាន​ទាំងឯកសារទិញពីម្ចាស់ដើម ​ព្រមទាំងសលាកបត្រផងនោះ ​ស្ថិតនៅចំណុច​ត្រពាំងថ្លុង ក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ មានចំនួន១០ហិចតា ដែលខ្លួនបាន​ទិញ​ពីឈ្មោះ ម៉ៅ ម៉ាឡែន កាលពីថ្ងៃទី១៣ ខែ១១ ឆ្នាំ២០០៧ មកម្ល៉េះ ហើយក្នុងឆ្នាំ២០០៧ លោក​ក៏បានដាំចេកនៅលើដីនោះដែ​រ តែក្រោយពីដាំចេកខាង​លើ​ក៏ត្រូវបានភ្លើងឆេះ​ រាលឆេះចេក​ដែល​ខ្លួនបានដាំនោះងាប់អស់ ក្រោយមកដោយសារជំងឺកូវីដ លោក​ក៏​បានទុកដីខាងលើនៅទំនេរ​មួយ​រយៈ លុះនៅអំឡុងឆ្នាំ២០២០ ស្រាប់តែលោក ក្រូច ប៊ុនគីម ជាមន្ត្រីយោធារូបនេះ បានឲ្យកូន​របស់​គេយក​គ្រឿង​ចក្រ​មក​ភ្ជួរ​រំលោភយក ​បើទោះបីលោក​បាន​រៀបរាប់​ហើយ​យក​ឯកសារផ្សេងៗ រួម​នឹងសលាកបត្រលេខសូន្យ១ មកបង្ហាញលោក ក្រូច ប៊ុនគីម​ ក៏​លោក ក្រូច ប៊ុនគីម មិនខ្ចី​យកភ្នែក​មើល​នោះដែរ ។

ពាក់ព័ន្ធករណីនេះ លោក ហេង សុឃី ក៏បានដាក់ពាក្យប្តឹងទៅអាជ្ញាធរភូមិឃុំជាច្រើន​លើក​ច្រើន​សារ តែលោក ក្រូច ប៊ុនគីម បាន​ត្រឹមឆ្លើយថា ​លោកមិនឲ្យជាដាច់ខាត ។ ប្រជាពលរដ្ឋលោក ហេង សុឃី ក៏បានដាក់​ពាក្យប្តឹងចូល​ទៅកាន់​សាលាស្រុកគូលែន​ផងដែរ តែលោក ក្រូច ប៊ុនគីម មិនបាន​ចូលខ្លួនដោះស្រាយនោះទេ គឺឲ្យប្រពន្ធរបស់ខ្លួនចូលមកដោះស្រាយជំនួស តែបើ​ករណីលោក ក្រូច ប៊ុនគីម ចូលដោះស្រាយ ​គឺនិយាយមួយម៉ាត់ពីរម៉ាត់ក៏ដើរចេញពីមុខ​អាជ្ញាធរតែម្តង មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី៨ ខែឩសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ​លោក ហេង សុឃី ថាខ្លួនបាន​យកត្រាក់ទ័រទៅភ្ជួរដីរបស់ខ្លួន​ខាងលើ​ ស្រាប់​តែយប់ឡើង​ថ្ងៃខែឆ្នាំ​ដដែល​ក៏ឈ្មោះ ក្រូច ប៊ុនគីម នាំបក្ខពួកកូនចៅ​របស់ខ្លួន​ទៅ​ដាំដំឡូង​មី​ទាំងយប់​ហ្នឹងតែម្តង។

ក្រុមប្រជាពលរដ្ឋទាំងនោះ បានបន្ដទៀតថា ចំពោះពួកគាត់ដែលមានដី អាស្រ័យផល នៅក្នុងតំបន់​ខាងលើ គឺគាត់​មាន​ការ​ព្រួយបារម្ភ នៅពេលដែលពួកគាត់ភ្ជួរដំាដំណាំ​គឺលោក ក្រូច ប៊ុនគីម​តែង​ហាមប្រាម​មកលើពួកគាត់​ជានិច្ច តែពួកគាត់​លើកឡើងថា ​ចុះហេតុអី្វបានជា​លោក ក្រូច ប៊ុនគីម​ មាន​សិទ្ធិអាចយកគ្រឿងចក្រប្រភេទ​ត្រាក់ទ័រ​ឈូស ឆាយ​ដី​ព្រៃ​សហគមន៍​ ស្ថិតនៅ​ចំណុច​ខាងលើ ក្លាយទៅជាវាល​រហោស្ថាន​យកមកធ្វើជាកម្ម​សិទ្ធិផ្ទាល់ខ្លួន បានយ៉ាងស្រួលគ្មាន​ការ​ទប់ស្កាត់ ​ឬ​បង្ក្រាប​ពី​មន្ដ្រី​ពាក់ព័ន្ធនោះទេ ។​ ដូច្នេះ​ប្រជាពលរដ្ឋ​ទទូចស្នើសុំ ​ដល់អង្គភាពយោធ​ភូមិភាគទី៤ ដែលមានឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ ​និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ​ជួយ​រក​យុត្តិធម៌​និង​រកដំណោះស្រាយ​ជូន​ពួកគាត់ផង ​ព្រោះពួកគាត់​ប្រជាពលរដ្ឋស្លូតត្រង់ ​គ្មាន​សិទ្ធិអំណាច​អ្វីទៅតតាំងជាមួយ​មន្ត្រីយោធាពាក់សក្តិ៣ លោក ក្រូច ប៊ុនគីម ដែល​បាន​ប្រើ​ប្រាស់​អំណាចមករំលោភ​បំពាន​យកដី​របស់ពួកគាត់ ទាំងដែលដី​របស់ពួកគាត់មានសលាកបត្រ ។

ជុំវិញការចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ អ្នកសាព័ត៌មានយើង មិនអាចសុំការ​បំភ្លឺ​ពី​លោក ក្រូច ប៊ុនគីម​បានទេ នៅរសៀលថ្ងៃទី១៩ខែឩសភា ឆ្នាំ២០២៤នេះ ​ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនងទៅលោក​

ជុំវិញនឹងករណីនេះ​លោក ប៉ែន ជឹង អភិបាលស្រុកគូលែន ​បាន​ប្រាប់​តាមទូរស័ព្ទថា រឿងនេះ ដូច​លោក ហេង​ សុឃី ភាគី​វិវាទក៏ដូចប្រជាពលរដ្ឋ​លើកឡើង​យ៉ាង​អញ្ចឹង ​ក្រោយពីទទួល​បាន​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋហើយ លោកក៏បានកោះហៅលោក ក្រូច ប៊ុនគីម​ ដើម្បីដោះស្រាយ តែការ​កោះហៅ​របស់​លោកទៅ​លោក ក្រូច ប៊ុនគីម គឺ ចូល​មក​បាន​តែ​១ដង​ ក្នុងការ​កោះហៅចំនួន ៥ដងកន្លងមក។ ​លោកអភិបាលស្រុក បន្តទៀតថា ក្នុងការដែលលោក ក្រូច ប៊ុនគីម ចូលមក​ហ្នឹងទៀត​សោត ​នៅពេលអាជ្ញាធរសួរនាំចំ ​ចំណុច ​លោក ក្រូច ប៊ុនគីម ដើរ​ចេញ​ពីអង្គ​ជំនុំ​ជម្រះ​តែម្តង ​ដោយ​បញ្ចេញ​អាកប្បកិរិយា​ក្រអឺតក្រទម​ដាក់​អាជ្ញាធរទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *