ព្រះវិហារ៖ ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងប្រាប់ប្រជាពលរដ្ឋពីតម្លៃ នៃបណ្ណកម្មសិទ្ធដីធ្លីដែលបង្ហាញ ពីម្ចាស់ដីពេញលក្ខណៈ ចាប់ពីថ្ងៃនេះតទៅការកាន់កាប់ដីធ្លីរបស់បងប្អូននឹងមានសុវត្ថិភាព ហើយបាតុភាពដីធ្លីពេលមុនៗដែលធ្លាប់ជួបប្រទះនឹងត្រូវបញ្ចប់។
ការថ្លែងបែបនេះ ទេសរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន៦៨០គ្រួសារ នៅភូមិចំនួន៤ ក្នុងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រីថ្លែងទៀតថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺស្របពេលដែលកម្ពុជា ទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយក្នុងនោះ ទេសរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ស្រុក ឃុំ ក្នុងការរៀបចំកិច្ចដំណើរការ ក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់រាជរដ្ឋាភិបាល តាម ស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្តតាមជំហាននីមួយៗតាំងពីការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃ ដើម្បីប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍គ្រប់វិស័យបន្ថែមទៀត ឯកឧត្ដមបញ្ជាក់ ថា គ្មានប្រទេសណាគេមកដាក់ទុនអភិវឌ្ឍនៅប្រទេសណា ដែលកំពុងតែមានសង្គ្រាមទេ ហើយត្រៀមទៅចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បោះឱ្យគណបក្សណាដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ៕