អតីតយុទ្ធជននៅខេត្តសៀមរាប ២០០នាក់ ត្រូវបំពាក់មេដាយការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ ការលះរបស់អតីតយុទ្ធជន ជាចំណែកដ៏ធំធេងរក្សាពន្លឺសុខសន្តិភាពកម្ពុជា

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ក្នុងខេត្តសៀមរាបចំនួន២០០នាក់។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ដែលកំពុងរស់នៅក្នុងមូលដ្ឋានក្រុង និងខេត្តសៀមរាប បើទោះបីលោកទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយចុះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា អតីតយុទ្ធជនកម្ពុជា សុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិ មាតុភូមិកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសទប់ស្កាត់មិនឱ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជា ជាថ្មីទៀត នាអំឡុងទសវត្សឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកថា ដើម្បីបុព្វហេតុការពារជាតិ ការពារការរស់រៀនមានជីវិតជាថ្មី របស់ប្រជាពលរដ្ឋកម្ពុជា បងប្អូនអតីតយុទ្ធជនបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ លូនក្រាបលើសមរភូមិទាំងថ្ងៃទាំងយប់ ក្រោមភ្លៀង ផ្គរ រន្ទះ ក្តៅរងារពលីជីវិត ដោយឥតរារែកនោះឡើយ។ ជាពិសេសបងប្អូនខ្លះស្លាប់ ខ្លះទៀតរួចផុតពីក្ដីស្លាប់ តែក៏ត្រូវធ្លាក់ខ្លួនពិការ ដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការលះបង់ដោយឥតអល់ឯករបស់អតីតយុទ្ធជនយើង គឺជាចំណែកមួយដ៏ធំធេងក្នុង ការរក្សាពន្លឺសុខសន្តិភាពរបស់កម្ពុជា និងជួយរុញកម្ពុជាឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចប្បន្ន។

ជាមួយគ្នានេះ នាយឧត្តមសេសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រលើការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារអោយបានគង់វង្ស សន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសឯក ដែលយកជីវិតជាដើមទុន។ បងប្អូនអតីតយុទ្ធជនទាំងអស់ សូមចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្តធ្វើជាភ្នាក់ងាររាយការណ៍ឱ្យប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ របស់ខ្លួនរស់នៅ ដើម្បីចូលរួមផ្តល់ព័ត៌មានអំពីភាពមិនប្រក្រតី និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីឱ្យសមត្ថកិច្ច ចាត់ការបង្ក្រាបអោយមានប្រសិទ្ធភាព ធានាឱ្យភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

តាមរបាយការណ៍ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្រុង និងខេត្តសៀមរាប ជានិច្ចកាលតែងតែយកចិត្តទុកដាក់លើក កម្ពស់ការទទួលខុសត្រូវ ក្នុងតួនាទីភារកិច្ច បន្តចុះសួរសុខទុក្ខ សមាជិក ដែលមានជំងឺ និងជីវភាពក្រីក្រ ធ្វើបញ្ជីបច្ចុប្បន្នភាព និងថតរូបដើម្បីរៀបចំធ្វើសៀវភៅសមាគមអតីតយុទ្ធជនកម្ពុជា។

របាយការណ៍របស់គណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប មានអតីតយុទ្ធជនសរុប ៨,៨៦៤នាក់ មានជនពិការ ២,០៩៤នាក់ ជនបាត់បង់ ១៤២នាក់ គ្រួសារពលី ២,៧៨៤នាក់, គ្រួសារមរណៈ ៨៥៨គ្រួសារ និងនិវត្តន៍ជន ២,៩៨៦នាក់។ ជាក់ស្តែងថ្ងៃនេះ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងក្រុង និងខេត្តសៀមរាបទាំងមូលមានសេចក្តី សោមនស្សរីករាយក្រៃលែង ដោយបានការទទួលយកចិត្តទុកដាក់ពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល បានសម្រេច ព្រះប្រទាន គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា និងមេដាយការពារជាតិសរុបចំនួនចំនួន ២០០គ្រឿង/នាក់ ក្នុងនោះមានមេដាយមាស ៧៩គ្រឿង,មេដាយ ប្រាក់ ១២១គ្រឿង ដែលត្រូវបានបំពាក់ជូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងក្រុង និងខេត្តសៀមរាបនាថ្ងៃនេះ។

ជាមួយគ្នានេះដែរ ក្នុងចំណោមអតីតយុទ្ធជនទាំង ២០០នាក់ ក៏មានអតីតយុទ្ធជន ជាយោធិនពិការ៥៥នាក់ ,និវត្តជន ១៣៦ នាក់, គ្រួសារយោធិនពលី ៦នាក់ ,គ្រួសារយោធិនមរណៈ ២នាក់ និងយោធិនបាត់បង់សមត្ថភាពពលកម្ម ១នាក់។

អតីតយុទ្ធជនដែលទទួលបានមេដាយ បាននិយាយទាំងញញឹមញញែមថា៖ «ពួកខ្ញុំ មានក្តីរំភើបខ្លាំងណាស់ ដោយបានទទួលការផ្ដល់កិត្តិយសបំពាក់ជូននូវមេដាយការពារជាតិនាពេលនេះ ហើយក៏មានចិត្តត្រេកអរមែនទែន ដោយបានជួបនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទដោយផ្ទាល់។ យើងខ្ញុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយការពារជាតិ ជូនដល់ពួកយើងនាពេលនេះ»។

សូមជម្រាបថា នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់អតីតយុទ្ធជនចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *