ប៉ៃលិន ៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រើននាក់ផងដែរ ។
ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈដូចជា ៖ ទី១- ពិនិត្យ និងអនុម័តិសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ទី២- ពិនិត្យ និងអនុម័តិសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ទី៣- ពិនិត្យ និងអនុម័តិដីកា ស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ៤-បញ្ហាផ្សេងៗ ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗ ក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តនូវវិធានការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ បានដោយជោគជ័យ ដែលធ្វើអោយស្ថានភាពប្រទេសមកល្អប្រសើឡើងវិញ ទើបធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការរៀបចំព្រឹត្តិ ការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២៣ បានយ៉ាងល្អ ប្រកបដោយមោទនភាពបំផុត។
លោកជំទាវអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់ រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ជាពិសេសត្រូវជំរុញប្រជាពលរដ្ឋទៅទទួលប័ណ្ណ ព័ត៌មានអោយបានគ្រប់ៗគ្នា សម្រាប់ចូលរួមការរបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕ដោយ ៖ នីយ៉ា