ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ព្រះវិហាររៀបចំកម្មវិធីបោះជំរំនិងបំបួសដើមឈើនៅតំបន់បេតិក ភណ្ឌធម្មជាតិភ្នំត្បែង

ព្រះវិហារ៖ កម្មវិធីបោះជំរំ និងបំបួសដើមឈើ ក្រោមប្រធានបទ «ក្តីស្រឡាញ់ធនធានធម្មជាតិ និង ជីវៈចម្រុះ» បានរៀបចំឡើងនៅតំបន់បេតិកភណ្ឌធម្មជាតិ “ភ្នំត្បែង» ក្នុងគោលបំណងបំផុស គំនិត និងស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិដល់ប្រជាជនទូទៅ និងផ្សព្វផ្សាយការយល់ដឹង និងចែក រំលែកបទពិសោធន៍ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រាស្រ័យទាក់ទង របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និង បរិស្ថាន។

កម្មវិធីនេះ បានប្រព្រឹត្តទៅនៅសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ស្ថិតនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍មូលដ្ឋាន យុវជនកាកបាទក្រហម កាយឫទ្ធិ  សិស្សា នុសិស្ស តំណាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គម ស៊ីវិល និងក្រុមអ្នកស្រឡាញ់ និងអភិរក្សធនធានធម្មជាតិ ប្រមាណ៣៨០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើក ឡើងថា ការជួបជុំគ្នានាពេលនេះ ជាឱកាសសម្រាប់គ្រប់ភាគីទាំងអស់ ចូលរួមចែករំលែកនូវក្តីស្រឡាញ់ សាមគ្គីភាពរឹងមាំ ចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាការពារ អភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់អ្នកជំនាន់ក្រោយក្រោមម្លប់នៃសន្តិភាព។

គួរបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងផ្ទៃដីជាង ៧ លានហិកតា ដែលបានបែងចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌ និងរបៀងអភិរក្សជីវៈចម្រុះ។  នៅតាមតំបន់ការពារ ធម្មជាតិទាំងអស់នេះ មានប្រជាសហគមន៍ជាច្រើនគ្រួសារ ដែលបាននិងកំពុងរស់នៅ ហើយ ពឹងផ្អែកទៅលើធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិទាំងអស់នោះ សម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីធានាការការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះ ដោយនិរន្តរភាព ក្រសួងបរិស្ថានបានដាក់ពង្រាយឧទ្យានុរក្ស ចំនួន១២៦០នាក់ និងបានបង្កើត និងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៩៣៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *