ស្វាយរៀង៖ពលរដ្ឋមួយចំនួនដែលរស់នៅអមខាងផ្លូវជាតិលេខ១ ចាប់ពីភូមិគក់ក្តោល ដល់ភូមិក្រោលគោ ស្ថិតក្នុងឃុំក្រោលគោ ស្រុកស្វាយជំ ខេត្តស្វាយរៀង បាននាំគ្នាចាប់យកមុខរបរដាល់អំបុកលក់ ដែលជាអាហារប្រពៃណីខ្មែរមួយបែប ដំណរទាំងពីដូនតា ហើយក៏ជាប្រពៃណីរបស់ប្រជាជនខ្មែរតាំងពីបុរាណផងដែរនោះ។
បើយោងតាមសម្តីរបស់លោកស្រី សុីន សុផល អ្នកដាល់អំបុកលក់បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ រូបគាត់បានចាប់យកមុខរបរដាល់អំបុកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ការដាល់អំបុក គឺងាយស្រួលជាងការងារមួយចំនួនផ្សេងទៀត ដោយការងារដាល់អំបុក គឺមិនចាំបាច់ប្រើកម្លាំងច្រើននោះទេ និងចំណេញវេលា ហើយថែមទាំងអាចកាត់បន្ថយភាពក្រីក្រក្នុងជីវភាពរស់នៅក្នុងគ្រួសារបានមួយកម្រិតផងដែរ។
ប្រភពខាងលើបានឲ្យដឹងទៀតថា៖ការដាល់អំបុកនាសម័យបច្ចុប្បន្ននេះគឺងាយស្រួលជាងសម័យមុនៗដោយសារបច្ចេកវិទ្យាទំនើបដោយប្រើម៉ាសុីនស្វាយប្រវត្តិដើម្បីដាល់អំបុកជំនួនការបុកដោយដៃហើយស្រូវដែលយកមកដាល់ជាអំបុកភាគច្រើនពួកគាត់យកស្រូវប្រភេទ ផ្ការំដួល ផ្កាម្លិះ ដែលក្លិនក្រអូបឆ្ងុយឆ្ងុបមកដាល់ចេញជាអំបុក ដែលមានរស់ជាតិឆ្ងាញ់ និងក្លិនក្រអូបស្រួយ ហើយទុកបានយូរថែមទៀត រីឯតម្លៃវិញ ក៏លក់បានថ្លៃផងដែរ។
ហើយក្នុងដាល់អំបុកកាលពីមុនៗគេតែងតែដាល់អំបុកតាមរបៀបបុរាណ គឺជាន់ផ្ទាល់ ឬបុកដោយដៃ និងត្បាល់ប៉ុណ្ណោះ ប៉ុន្តែសម័យឥឡូវនេះងាកមកប្រើម៉ាស៊ីនគោយន្តស្វាយប្រវត្តិជំនួសក្នុងការដាល់អំបុកតាមរបៀបបុរាណវិញ ព្រោះងាយស្រួលជាមុន ហើយថែមមិនហត់ផងហើយចំណេញវេលាទៀត។
លោកស្រីបានបន្តទៀតថា អំបុកដែលលក់ចេញក្នុងមួយថង់ ស្មើរនិង៨កំប៉ុង គឺតម្លៃ១០០០០រៀល ទៅ១២០០០រៀល និងថង់តូចតម្លៃ៥០០០រៀល ស្មើរនិង៤កំប៉ុង និងតម្លៃលក់រាយមួយកំប៉ុង១២០០រៀល។
ស្រដៀងគ្នានេះផងដែរលោកតារាអ្នកលក់អំបុកនៅភូមិ រៀនទេន ឃុំ ឈើទាល ស្រុក ស្វាយជ្រំ បានប្រាប់អោយដឹងថា៖ ពួកអាចដាល់អំបុកក្នុងមួយថ្ងៃបានគិតជាស្រូវបានចំនួន៥តៅ លក់ចេញបាន២០០០០០រៀលនិងអាចបានច្រើនជាងនេះនិងមានម៉ូយខ្លះមកកុម៉្មង់ទិញក្នុង១០០កំប៉ុងស្មើ១៣គីឡូក្រាមតម្លៃ៨០០០០៛ទៅ១០០០០០៛ ហើយមានម៉ូយមកទិញដល់កន្លែងដើម្បីយកលក់បន្ត។
បើតាមអ្នកធ្វើដំណើរតាមដងផ្លូវលេខ១ បានឲ្យដឹងថា រូបគាត់រាល់ពេលដែលធ្វើដំណើរតាមផ្លូវជាតិមួយនេះ គឺតែងតែមិនមើលរំលងនោះយ៉ាងហោចណាស់ ក៏ចូលទិញបន្តិចបន្តួចដែរហើយអំបុកអាចយកមកហូបជាមួយនិងទឹកដូង លីងជាមួយកំពឹសដែលមានរស់ជាតិឆ្ងុយឆ្ងាញ់ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺយកអំបុកមកសែនព្រេងនូវរដូវបុណ្យអុំទូកអកអំបុក សំពះព្រះខែ ជាបុណ្យប្រពៃណីមួយរបស់ប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើពាក់កណ្តាលខែវិច្ឆកា (គឺខែ១១)៕