ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរទិវានារីអន្ដរជាតិ ០៨មីនា ខួបលើកទី១១១។ ពិធីនេះ ក៏មានការចូលរួមពីភរិយាថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាល ដែលជាស្ត្រីជាច្រើនរូបផងដែរ។
លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកស្រីតែងតែនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស បុគ្គលិក មន្ត្រីរាជការសុខាភិបាលជានារី ដែលកំពុងបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកបណ្ឌិតបានបន្ថែមថា ឆ្នាំនេះក៏ដូចពីឆ្នាំមុនៗដែរ ក្នុងឱកាសអបអរសាទរទិវានារីអន្ដរជាតិខួបលើកទី១១១នេះ ពិពភលោកបានជ្រើសរើសយកប្រធានបទមួយគឺ សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត នៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណង រំលឹកពីការតស៊ូរបស់ស្រ្ដី ក្នុងការធ្វើឲ្យសម្រេចបាននូវ សមធម៌ សន្ដិភាព និង ការអភិវឌ្ឍ នៅក្នុងសង្គម ដើម្បីឲ្យស្រ្ដីទួទលបាននូវការគោរព សិទ្ធិ សេរីភាព និងការទទួលស្គាល់នូវតម្លៃនៃការចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍ គ្រួសារ និងប្រទេសជាតិ។
លោកបានបន្តថា បច្ចុប្បន្ននេះ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ការពារសន្តិសុខជាតិ មិនអាចខ្វះបាន និងបានប្រែក្លាយពីស្ត្រី ដែលមានមុខរបរប្រពៃណី មកជាស្ត្រីដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ តាមរយៈការបណ្តុះបណ្តាលជំនាញ និងបានចូលរួមក្នុងការបំពេញបេសកកម្មដោះមីននៅបរទេស ដោយជ្រកក្រោមស្លាករបស់អង្គការសហប្រជាជាតិ ក្នុងនាមជាកងទ័ពស្ម័គ្រចិត្ត។
សូមបញ្ជាក់ថាមុខតំណែង តួនាទីសំខាន់ៗ ក្នុងការទទួលខុសត្រូវជាអ្នកដឹកនាំនៅក្នុងមន្ទីរសុខាភិបាលខេត្តស្វាយរៀង ជានារី ដែលឆ្នាំនេះ មានការកើនឡើង៖ ទី១៖ ប្រធានការិយាល័យ ០១រូប ទី២៖ អនុប្រធានការិយាល័យស្រុកប្រតិបត្តិ ៣រូប ទី៣៖ ប្រធានមណ្ឌលសុខភាព ១៦រូប ទី៤៖ អនុប្រធានមណ្ឌលសុខភាព ២៤រូប ដែលមានថ្នាក់ ដឹកនាំ មន្ត្រី រាជការ បុគ្គលិក មក ពី មន្ទីរ សុខាភិបាល មន្ទីរ ពេទ្យ បង្អែក ទាំង ៦ និង មណ្ឌល សុខភាព ទាំង ៤៧ សរុប ៩៨នាក់ ។ នារី ដែល បាន ចូល រួម ម្នាក់ ៗ ទទួល បាន សំពត់ សឺង១ និង ថវិកា ៣០.០០០រៀល ។ ក្នុង ពិធី នេះ ចំណាយ ថវិកា សរុប ៦.៩៣០.០០០រៀល ៕