ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ នៅពេលបើកឲ្យដំណើរការសាលារៀនឡើងវិញ

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេស ថ្ងៃដែលត្រូវអនុញ្ញាត បើកឲ្យដំណើរការសាលារៀនឡើងវិញ ។ ក្រៅពីនោះ ត្រូវចូលរួមទាំងអស់គ្នា អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ»  ។ ការថ្លែង យ៉ាង ដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្មួយៗ  សិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ ចំនួន ៩៩នាក់ និងអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិតនៅ ក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បាន លេីក ទឹកចិត្ត  ដល់ក្មួយៗសិស្សានុសិស្ស ដែលបានទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បី លើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំឲ្យលោកគ្រូ  អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវអញ្ជើញទៅ ចាក់ វ៉ាក់សាំងបង្ការ ជំងឺ កូវីដ -១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ នាអំឡុងពេលសិក្សារៀនសូត្ររបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស  នាពេលខាងមុខនេះ ពីព្រោះថា នៅថ្ងៃទី២០ ខែកញ្ញា នេះ  រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១ ។ ដោយឡែក ក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះផងដែរ ។

ដោយឡែក ក្នុងឱកាសដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្ម ១កន្លែង ស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមរៀបចំធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានជម្រុញដល់ក្រុមការងារបច្ចេកទេស ធ្វើយ៉ាងណា ត្រូវពន្លឿនការងារនេះ ឲ្យរួចមុនថ្ងៃទី២០ ខែកញ្ញា នេះ ដើម្បី បញ្ជូនអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាល នៅវិទ្យាល័យព្រះសីហនុ មកសម្រាកព្យាបាលនៅទីនេះវិញ ក៏ព្រោះតែ វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បី បើកឲ្យដំណើរការសិក្សា ដូចធម្មតា ឡើងវិញ ។

គួរ បញ្ជាក់ ថា  ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន ៣អគារ ក្នុងមួយអគារៗ អាចដាក់អ្នកជំងឺ បានចំនួន ២៥០នាក់ សរុបទាំង ៣អគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានសរុបចំនួន ៧៥០នាក់ ។  ដោយ នាបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស កំពុងរៀបចំទីតាំង នៃឃ្លាំងខាងលើ ជាពិសេស ការសម្រុករៀបចំតបណ្តាញភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាល ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *