ទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ ប្រគល់ទៀនព្រះវស្សា និងទេយ្យវត្ថុបច្ច័យ ជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៩វត្ត ក្នុងស្រុកសង្គមថ្មី

ដោយៈសេង ពិសិដ្ឋ

ព្រះវិហារៈ ទៀនព្រះវស្សា និងទេយ្យវត្ថុបច្ច័យរបស់ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងឯកឧត្ដម ចាន់ នន់វិទ្យា ប្រធានក្រុមការងារ រាជដ្ឋាភិបាលចុះ ជួយស្រុកសង្គមថ្មី លោក សំលាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយ ស្រុកសង្គមថ្មី កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ត្រូវបាននាំយកទៅវេរប្រគេនជូនព្រះសង្ឃគង់ ចាំព្រះវស្សា នៅតាមទីវត្តអារ៉ាមនានា ក្នុងស្រុកសង្គមថ្មីចំនួន៩វត្តស្ថិតនៅវត្តទក្សិណគីរី ហៅវត្តសំឡាញ ។

លោក សំលាងទ្រី ក្នុងឱកាសនោះ បានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជម្រាបជូន លោកតា លោកយាយ ពីការផ្តាំផ្ញើរសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ដែលជានិច្ចជាកាលតែងបានយកចិត្តទុក្ខដាក់ គិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ វិស័យពុទ្ធចក្រ និងអាណាចក្រនៅក្នុងខេត្តព្រះវិហារ។

លោកបានបញ្ជាក់ថា ពិធីវេរប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុ បច្ច័យ ដល់ព្រះសង្ឃនៅ ក្នុងស្រុកសង្គមថ្មីនេះ តាមការគ្រោងទុកគឺលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ចូលរួមដោយផ្ទាល់ ប៉ុន្តែដោយស្ថានភាពជំងឺកូវីដ.១៩ មានការឆ្លងរាលដាលខ្លាំង ក៏ដូចជាអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ.១៩នោះ ទើបលោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្តមិនបានចូលរួមវិញ។

ក្នុងនាមប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ដោយមានការឯកភាពពីលោក ទែន សារុំ សមាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត និងលោក ជុំពុយ អភិបាលស្រុកសង្គមថ្មី លោកក៏បានណែនាំដល់ប្រធានក្រុមការងារខេត្ត ចុះជួយតាមឃុំនីមួយៗដោយផ្ទាល់ នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុបច្ច័យ របស់ថ្នាក់ដឹកនាំ ប្រគេនតាមវត្តអារ៉ាមក្នុងឃុំរបស់ខ្លួនរៀងៗខ្លួន។

សូមបញ្ជាក់ថា ព្រះសង្ឃកំពុងគង់ចាំព្រះវស្សាបានចំនួន ៩វត្តហើយ ដោយក្នុង១វត្តទទួលបាន ទៀនព្រះវស្សា១គូ, អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីសៀម ៣ កេស ត្រីខ ៤ យូរ ទឹកត្រី ២ កេស ទឹកស៊ីអ៊ីវ ២កេស អំបិល ១ បាវ ប៊ីចេង ៥គីឡូក្រាម ឆៃប៉ូវ ១០គីឡូក្រាម ខ្ទឹមស៥គីឡូក្រាម ប្រេងឆា ១ដបធំ តែ ២ កញ្ចប់ ស្ករស ៥គីឡូក្រាម ទឹកដោះគោខាប់១កេស ទៀនតូច ១គីឡូក្រាម ធូប ១ដុំធំ ប្រេងម៉ាស៊ូត ៣០ លីត្រ បច្ច័យសរុប ១លានរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *