ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អភិបាលរងស្រុកកំពង់លែងលោក ចេងចាន់ដូណា និង អនុប្រធានមន្ទីរ សង្គមកិច្ច ខេត្តកំពង់ឆ្នាំងលោក ឈាងចន្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជូនដល់អង្គភាពរដ្ឋបាលឃុំ នៅក្នុងស្រុកកំពង់លែង ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ នៅសាលប្រជុំសាលាស្រុកកំពង់លែងដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្នុងស្រុកនិងអាជ្ញាធរឃុំចូលរួមផងដែរ។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោក ចេង ចាន់ដូណា និងលោក ឈាង ចន្ធី បានលើកឡើងអំពីគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រស្ដីពីពិការភាពឆ្នាំ២០១៩-២០២៣ អំពីចក្ខុវិស័យ និងបេសកកម្ម ព្រមទាំងអត្ថប្រយោជន៍នានា អំពីការកំណត់អត្តសញ្ញាណជនមានពិការភាព សម្រាប់ជូនដល់ជនពិការគ្រប់ប្រភេទទទួលបានសេវាគាំពារសង្គម ឱកាសការងារ ការផ្ដល់ចំណេះដឹង វិជ្ជាជីវៈ ការអប់រំ កីឡា ការទទួលបានសិទ្ធិស្មើភាពចំពោះមុខច្បាប់ មិនមានការរើសអើងពីសង្គម ជាដើម។
លោក ចេង ចាន់ដូណា និង លោក ឈាង ចន្ធី ក៏ផ្តាំផ្ញើដល់សមាជិកសមាជិកាក្រុមការងារទាំងអស់សូមយកចិត្តទុកដាក់ស្ដាប់គ្រូបង្គោលណែនាំដើម្បីយកទៅអនុវត្តអោយចំគោលដៅនិងទទួលបានលទ្ធផលល្អប្រកបដោយតម្លាភាព៕សុក្ខារិន